(កណ្ដាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់ក្រុមហ៊ុនប្រមូលទិញកសិផលគ្មានជាតិគីមីពីកសិករ ត្រូវឈរលើគោលការណ៍ផ្ដល់ផលចំណេញទៅវិញទៅមក ពោលគឺត្រូវបង្កភាព ងាយស្រួលគ្រប់យ៉ាងដល់កសិករ មិនថាបច្ចេកទេសទុនជាដើម ធ្វើយ៉ាងណាជួយកសិករយើង ឲ្យយល់ដឹងច្បាស់លាស់លើកសិផលដែលខ្លួនដាំតាមស្តង់ដា និងកម្រិតទំហំទីផ្សារដែលត្រូវការ ពិសេសគឺតម្លៃនៃកសិផលដែល ពួកគាត់ផលិតបាន គឺមិនត្រូវទម្លាក់តម្លៃជាដាច់ខាត តែត្រូវឈរលើគោលការណ៍ចំណេញទៅវិញទៅមក។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបែបនេះ ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារ ចុះពិនិត្យមជ្ឈមណ្ឌលវិភាគសំណល់ជាតិពុលក្នុងបន្លែ និងផ្លែឈើ នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ អមដំណើរពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និងក្រុមការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានណែនាំដល់មជ្ឈមណ្ឌលវិភាគសំណល់ជាតិពុលក្នុងបន្លែ និងផ្លែឈើ នៅក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ធ្វើយ៉ាងណាឲ្យបន្លែ ផ្លែឈើដែលចេញពីមជ្ឈមណ្ឌលរបស់យើង គឺគ្មានសារធាតុគីមី និងកាក់សំណល់ជាតិពុល ក្នុងបន្លែសុវត្ថិភាព ដើម្បីធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវបន្លែ ដែលមានសុវត្ថិភាពមានគុណភាពខ្ពស់។

លោករដ្ឋមន្ត្រីបន្តថា នៅពេលដែលប្រជាពលរដ្ឋទទួលបានបន្លែ ផ្លែឈើដែលគ្មានសារធាតុពុល ធ្វើឲ្យអ្នកបរិភោគមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ ហើយនៅពេលដែលយើងបរិភោគនូវចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឲ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឲ្យប្រទេសជាតិរបស់យើង មានធនធានល្អជាច្រើន ក្នុងការអភិវឌ្ឍប្រទេសផងដែរ។

លោកថា «នៅពេលដែលយើង បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឲ្យប៉ះពាល់នូវសុខភាពរបស់យើង ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឲ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន»

លោក ឌិត ទីណា បានបន្ថែមថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនលើសពីការរំពឹងទុក ក្នុងអត្រា៧.៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

លោកថា ក្នុងបរិបថកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី «កសិករ ទៅជា កសិ-ពាណិជ្ជករ»។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើង ទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរ ជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានា បាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។

ជាមួយគ្នានេះដែរ លោក តឹក សុភា អគ្គនាយកក្រុមហ៊ុន ខេមបូឌា ស្តេនដាត ឌីវេឡុបម៉ិន អេន សឹបផ្លាយ ឯ.ក ( Cambodian Standard Development & Supply Co., Ltd ) បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានចុះទៅជួបបងប្អូនប្រជាកសិករទូទាំងប្រទេស ដោយបានបង្រៀន និងផ្ដល់ជូនបច្ចេកទេសជាច្រើនដល់ពួកគាត់ និងបានបង្រៀនពីទីផ្សារ ពីការដាំដុះ ឲ្យស្របតាមគោលការណ៍ចាំបាច់ ក្នុងបរិបថទីផ្សារបច្ចុប្បន្ន ពិសេសផងនោះតែផ្ដោតសំខាន់ទៅលើគុណភាពបន្លែ ផ្លែឈើគ្មានសារធាតុគីមីពុល ពោលគឺជាបន្លែ ផ្លែឈើបែបធម្មជាតិ ដាំដោយបច្ចេកទេសច្បាស់លាស់។

លោកថា ក្រុមហ៊ុនបានជួយជ្រោមជ្រែងខ្លាំងណាស់ ចំពោះប្រជាកសិករនៅទូទាំងប្រទេស ពោលគឺចង់ឲ្យពួកគាត់ដាំដុះនូវកសិផលទាំងឡាយណាឲ្យចំគោលដៅទីផ្សារ និងមានការសហការជាមួយក្រុមហ៊ុនត្រឹមត្រូវ ដោយធ្វើយ៉ាងក្រុមហ៊ុនជួយជ្រែងកសិករ ឲ្យបានផលចំណេញទៅវិញទៅមក។

លោកក៏បានប្ដេជ្ញាចិត្តថា នឹងបន្តពង្រីកគោលដៅឲ្យបានកាន់តែច្រើនឡើង ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ខណៈដែលរដ្ឋមន្ត្រីវ័យក្មេងទើបឡើងកាន់តំណែង លោក ឌិត ទីណា ក៏បានយកចិត្តទុកដាក់ក្នុងរឿងនេះ ពោលគឺទទួលបានការណែនាំយ៉ាងច្រើនពីសំណាក់លោករដ្ឋមន្ត្រី ហើយក្រុមហ៊ុនក៏បានគោរពតាមការណែនាំ និងប្ដេជ្ញាអនុវត្តឲ្យល្អជាទីបំផុត៕