(ព្រៃវែង)៖ ដើម្បីការពារ សុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារ លោក តូច ចៅកុយ អនុប្រធាន កាំកុងត្រូល សាខាខេត្តព្រៃវែង សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ នៅផ្សារកអណ្តើក ក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេតព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក តូច ចៅកុយ អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រៃវែង បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារនេះ មន្រ្ដីជំនាញ បានយកចិត្តទុកដាក់ ទៅលើ ផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។
លោកអនុប្រធាន បានបន្តថា នៅទីផ្សារកអណ្តើកនេះ មន្រ្តីជំនាញបានរកឃើញទំនិញ ខូចគុណ ដូចជា ចាហ៊ួយដូង ទឹកក្រូច ទឹកត្រី ទឹកជ្រលក់ ស្ករគ្រាប់ សរុប ចំនួន៦៥ គីឡូក្រាម ។ ក្រោយពីរកឃើញទំនិញ ខូចគុណភាព ទាំងអស់នោះ កម្លាំងរបស់លោក រឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកំទេចចោល នាពេលខាងមុខ។

ជាមួយគ្នានោះ លោកតូច ចៅកុយ ក៏បានណែនាំដល់ក្រុមអាជីវករឲ្យដាក់តាំងលក់ផលិតផល ដែលមានស្លាកសញ្ញាត្រឹមត្រូវ និងមានអនាម័យត្រឹម ត្រូវ ដាក់ឲ្យមានសណ្តាប់ធ្នាប់ ដាក់តាមកន្លែងរៀងៗខ្លួន ដូចជាម្ហូបអាហារ ដាក់តាមម្ហូបអាហារ ។

លោកបន្តថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យ ជាប្រចាំ ទៅតាមការណែនាំ ពីលោកអគ្គនាយកកាំកុងត្រូល  ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរ ចែកចាយ លក់ដូរ ផលិតផល ម្ហូបអាហារ គ្មានអនាម័យ ទំនិញខូចគុណភាព៕