(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋរងគ្រោះមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៣១គ្រួសារ។

សកម្មភាពសមធម៌ចែករំលែកជាគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងការចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋរងគ្រោះមរណភាពដោយសារកូវីដ-១៩ ចំនួន៣១គ្រួសារ ពីសំណាក់លោក ជា ពិសី និងក្រុមការងារនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

តាមរបាយការណ៍របស់សាលាខណ្ឌទួលគោក ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់យ៉ាងដូច្នេះថា លោក ជា ពិសី បានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខក្រុមគ្រួសារមរណភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ​ដែលមកពីតាមបណ្ដាសង្កាត់ចំនួន៨ ព្រមទាំងបានផ្តល់ជូននូវថវិកា និងគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២.០០០.០០០លានរៀល, អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ម៉ាស់១ប្រអប់ និងមី១កេស។

សង្កេតទាំង៨នោះ រួមមាន៖ សង្កាត់ផ្សារដេប៉ូទី១, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី២, សង្កាត់ទឹកល្អក់ទី៣, សង្កាត់បឹងកក់ទី១, សង្កាត់បឹងកក់ទី២, សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង៕