(កណ្ដាល)៖ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី២ ស្ថិតនៅស្រុកអង្គស្នួល កំពុងខ្វះខាតថវិកាសាងសង់ ពោលគឺទើបបុកគ្រឹះបានប្រមាណជា៨០%ប៉ុណ្ណោះ ខណ:ដែលគម្រោងអគារមានជាង១ម៉ឺនម៉ែត្រការ៉េ កម្ពស់៧ជាន់ ថវិកាគ្រោងចំណាយខ្ទង់ ៤លាន ៧សែនដុល្លាអាមេរិក។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានសង្ឃដីកាថា ដោយសារថវិកាសាងសង់មានកង្វះខាត ពោលគឺយើងទើបចាប់ផ្ដើមបុកគ្រឹះបាន ប្រមាណ៨០% ហើយ ប៉ុន្តែថវិកាត្រូវបានចំណាយអស់ហើយ ដូច្នេះសម្ដេចសង្ឃសុំបិណ្ឌបាតបន្ថែម ដោយគ្រោងនឹងធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោង៨ព្រឹក ដោយមានសង្ឃឹមយ៉ាងមុតមាំថា ពុទ្ធបរិស័ទគ្រប់ទិសទី នឹងចូលរួមបច្ច័យជួយសាងសង់អគារកម្ពស់ ៧ជាន់នេះ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានមានសង្ឃដីកាបន្ថែមថា ចំពោះថង់ប្រាក់វិញសូមប្រជាពលរដ្ឋចំណាយបច្ច័យរៀងៗខ្លួនតែ ៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ដើម្បីជួយទ្រទ្រង់សម្រាប់ ការសាងសង់អគារសាកលវិទ្យាល័យនេះ ឱ្យមានដំណើរការទៅមុខត្បិតការសាងសង់មានតម្លៃរហូតដល់ ៤លាន៧សែនដុល្លារអាមេរិក ដែលអាចផ្ទុកនិស្សិតសិក្សាបានរហូតដល់ ១ម៉ឺននាក់ឯណោះ។

សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសាស្ត្រាចារ្យជំនាញឯកទេសជាង១០០នាក់ ដែលសុទ្ធសឹងតែជាសាស្ត្រាចារ្យកម្រិតបណ្ឌិតមានបទពិសោធន៍ចាប់ពី ២០ ឆ្នាំទៅ ៣០ ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សា ជាមួយនឹងការប្ដេជ្ញាចិត្តអស់ពីកម្លាំងកាយពល ដាក់ចិត្តក្នុងការបណ្ដុះបណ្ដាលកូនខ្មែរ ឲ្យក្លាយទៅជាធនធានមនុស្ស ដែលមានកម្រិតខ្លាំង។

សាកលវិទ្យាល័យមានសាស្ត្រាចារ្យជំនាញៗ ដែលមានបទពិសោធន៍បង្រៀនចាប់ពី ២០ ឆ្នាំទៅ ៣០ ឆ្នាំសុទ្ធសឹងតែជាសាស្ត្រាចារ្យដែលមានកម្រិតសិក្សាថ្នាក់បណ្ឌិតសុទ្ធ តែជាបញ្ញវន្តសុទ្ធតែជាអ្នកប្រាជ្ញបានចូលមកជាគ្រូបង្រៀន នៅសាកលវិទ្យាល័យនេះ ជាមួយនឹងការរៀបចំបទដ្ឋានបច្ចេកទេសដោយក្រសួងអប់រំផ្ទាល់តែម្ដង ដូច្នេះការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យមានបទពិសោធន៍ឆ្អិនឆ្អៅ។

សិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា អញ្ជើញរួសរាន់មកទទួលពាក្យ ដើម្បីទទួលបានឱកាសក្នុងការសិក្សាដែលឥតគិតថ្លៃ ពោលគឺសាកលវិទ្យាល័យទទួលសិស្សមានកម្រិតត្រឹម១ពាន់នាក់ប៉ុណ្ណោះ ខណៈដែលការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងខិតជិតមកដល់នេះ ដូច្នេះសាកលវិទ្យាល័យរំពឹងទុកថា នឹងមានសិស្សនិស្សិតមកចុះឈ្មោះយ៉ាងច្រើនកុះករ ព្រោះការសិក្សាគឺមិនគិតថ្លៃនោះទេ គ្រាន់តែបរិច្ចាគជាវិភាគទាន៤ម៉ឺនរៀលប៉ុណ្ណោះ៕