(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានការប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ, លោក ខូយ រីដា អភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាប់ផ្តើមកិច្ចការងារដំបូងជួបជុំ និងសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ដើម្បីពង្រឹងរបៀបរបបធ្វើការងារ បង្កើនសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងបន្តនិរន្តរភាព និងអភិវឌ្ឍន៍ខេត្តឱ្យកាត់តែល្អប្រសើរ សម្រាប់អាណត្តិដឹកនាំ នៅលើទឹកដីនៃស្រុកកំណើត។

កិច្ចជំនួប និងសំណេះសំណាលខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, នាយក នាយករងរដ្ឋបាលខេត្ត, នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព-ផ្នែកទាំង២ និងមន្ត្រីរាជការ ចំណុះឱ្យរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ និងជម្រាបជូនអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាននោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានជម្រាបជូនពីកិច្ចការងារដំបូង និងបញ្ហាប្រឈមចំពោះមុខមុនគេ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីឱ្យខេត្តយើងមាននិរន្តរភាព និងមានការអភិវឌ្ឍទៅមុខជាលំដាប់ រួមមាន៖

ទី១-ត្រូវចងចាំថា មន្ត្រីជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះឡើយ ក្នុងនាមជាអ្នកបម្រើរាស្ត្រ យើងត្រូវបម្រើឱ្យគ្រប់ជ្រុងជ្រោយ រាល់សកម្មភាពអយុត្តិធម៌ក្នុងមូលដ្ឋាន ត្រូវរាយការណ៍ជាបន្ទាប់មកឯកឧត្តមអភិបាលខេត្ត ហើយយើងដូច្នេះឯង ក៏ត្រូវរួមគ្នាដោះស្រាយផងដែរ។
ទី២-ជុំវិញការតែងតាំង ឬផ្តល់តួនាទីភារកិច្ចតាមប្រអប់ ត្រូវជ្រើសរើសមន្ត្រីណាដែលមានសមត្ថភាព ជាមួយនឹងការប្រជុំ និងវាយតម្លៃ ពីគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត។
ទី៣-ត្រូវមានសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ឱ្យបានល្អប្រសើរ ព្រមទាំងខិតខំពង្រឹង និងពង្រីកសមត្ថភាពបន្ថែម។
ទី៤-ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងរៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង ក៏ដូចជាទីប្រជុំជន ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន តាមរយៈការគ្រប់គ្រងទុកដាក់សម្រាម ការតម្លើងភ្លើងបំភ្លឺផ្លូវ ការដាក់តាំងរូបភាព និងសកម្មភាពថ្នាក់ដឹកនាំប្រទេស ការរៀបចំលាបថ្នាំព័ណ៌ តុបតែងលម្អកោះសំពៅមាស និងតាមទីសាធារណៈ ឱ្យបានមុនឱកាសឆ្លងឆ្នាំសកល។
ទី៥-លុបបំបាត់ភាពអនាធិបតេយ្យ គ្មានរបៀបរៀបរបប តាមទីសាធារណៈ និងតាមផ្ទះ ឬតូបលក់ដូរ ជាមួយនឹងការកែទម្លាប់មិនល្អ ឱ្យល្អប្រសើរឡើងវិញ ដោយរដ្ឋបាលក្រុង ឬស្រុក ជាអ្នកអនុវត្តន៍កិច្ចការងារនេះផ្ទាល់ ហើយរដ្ឋបាលខេត្តពោធិ៍សាត់ ជាអ្នកត្រួតពិនិត្យមើលពីក្រោយ។
ទី៦-គ្រប់ទីកន្លែងសាធារណៈ ដែលជាកន្លែងទាក់ទាញ និងមានសោភណ្ឌភាព ត្រូវរៀបចំតម្លើងគ្រឿងសម្ភារៈហាត់ប្រាណ ប្រមាណ៥០គ្រឿង ជាជំហានដំបូង ដោយចាប់ផ្តើមពីកោះសំពៅមាសមុនគេ។
ទី៧-ត្រូវខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយទុករាស្ត្រជាធំ និងត្រូវចូលរួមដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
ទី៨-ពិនិត្យនីតិវិធី និងបង្កលក្ខណៈងាយស្រួល ដល់វិនិយោគគិនចូលមកវិនិយោគ នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ យើងឱ្យបានច្រើន។
ទី៩-ចំពោះបញ្ហាផ្ទៃក្នុង ក្នុងអង្គភាព ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ និងត្រូវរក្សាការសម្ងាត់ មិនត្រូវយកបញ្ហាទាំងនោះ ទៅបង្ហោះ ឬផ្សព្វផ្សាយជាសាធារណៈនោះឡើយ ហើយប្រសិនជាមាន បុគ្គលនោះត្រូវអនុវត្តន៍វិធានការរដ្ឋបាល ឬអាចឈានដល់វិធានការច្បាប់ក៏ថាបាន។
ទី១០-ចំពោះមន្ត្រីកិច្ចសន្យា ត្រូវចាំថា គឺជាមន្ត្រីដែលបំពេញបន្ថែម គ្រប់តម្រូវការរបស់រដ្ឋបាលខេត្ត ដូច្នេះត្រូវកាត់បន្ថយភាពឆកល្វែង និងខិតខំក្នុងការបម្រើផលប្រយោជន៍រដ្ឋបាលខេត្តយើង។
ទី១១-ចំពោះនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការ ធ្លាប់បម្រើការងារក្នុងរដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវពិនិត្យ និងស្រាវជ្រាវមន្ត្រីទាំងនោះ ធ្វើការឆ្លើយតប និងដោះស្រាយទុក្ខលំបាកពួកគាត់ឱ្យបានឆាប់រហ័ស ជាក់ស្តែងមន្ត្រីរបស់ក៏ដូច្នេះដែរ។
ទី១២-សូមកែប្រែឥរិយាបទមន្ត្រីរាជការ ពីភាពអសកម្ម មកក្លាយជាមន្ត្រីសកម្ម ដែលមានក្រមសីលធម៌វិជ្ជាជីវៈល្អ ចេះជួយប្រាស្រ័យទាក់ទង សាមគ្គីគ្នា រួមគ្នាធ្វើ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតមានជាចាំបាច់៕