(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកជាសំណើ សំណូមពរ ក្នុងវេទិកាពិគ្រោះយោបល់នេះ ជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយ។

លោក ម៉ប់ សារិន បានលើកឡើងថា នេះជាការផ្តល់ឲ្យប្រជាពលរដ្ឋ បានលើកជាសំណើ សំណូមពរ ក៏ដូចជាការផ្តល់ពត៌មាន ពីដំណើរការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋ ពីលទ្ធផលដែលសំរេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើង ពីសំណើ សំណូមពរ ក្នុងន័យស្ថាបនាផងដែរ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះ ត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិ ជំងឺកូវីដ១៩ ។

នាឱកាសនោះ មានប្រជាពលរដ្ឋច្រើននាក់ បានលើកជាសំណើ សំណូមពរ ដែលភាគច្រើន ផ្តោតលើការសុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ, លូ, សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៍ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារយកមកប្រើប្រាស់ ដោះស្រាយ សំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើ សុំដាក់ភ្លើងស្តុបចំនួន ៣កន្លែង តែចំណុចដែលគួរកត់សំគាល់ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ។

លោក កើត ឆែ បានឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា សំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានដឹង និងកំពុងគិតគូសិក្សាទៅលើលទ្ធភាព ព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិកា៕