(ភ្នំពេញ)៖ កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា បានបញ្ចប់ដោយរលូន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាមួយនឹងការចូលរួមមតិយ៉ាងផុសផុល ពីសំណាក់សមាជិកអង្គប្រជុំទាំងមូល។

កិច្ចប្រជុំផ្ទៃក្នុងរវាង សមាជិកសភាវ័យក្មេងអាយប៉ា ធ្វើឡើងដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រច «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព»។ កិច្ចប្រជុំនេះមានការចូលរួមពី គណៈប្រតិភូសភាមកពីបណ្តាប្រទេសសង្កេតការណ៍នៃមហាសន្និបាត ដើម្បីធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួនជូនដល់កិច្ចប្រជុំ ដែលសេចក្តីថ្លែងការណ៍នោះ បានផ្តោតលើទិដ្ឋភាពផ្សេងៗរាប់ទាំងការងារស្ម័គ្រចិត្តរបស់យុវជន រហូតដល់បញ្ហាប្រឈមធំៗ ក្នុងពិភពលោក។

មានមតិដឹកនាំនៅក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន ម៉ានី ប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណដល់សមាជិកពេញសិទ្ធនៃកិច្ចប្រជុំ YPA ក៏ដូចជាសមាជិកនៃប្រទេសសង្កេតការណ៍ដែលបានចូលរួមមតិ និងថ្លែងសារប្រកបដោយខ្លឹមសារ និងមានអត្ថន័យ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ «បើទោះជាការចូលរួមពីសមាជិកពេញសិទ្ធ បានធ្វើឱ្យកិច្ចប្រជុំនេះមានភាពគ្រប់ជ្រុងជ្រោយមួយកម្រិតក្តី ការចូលរួមកាន់តែច្រើនពីបណ្តាប្រទេសសង្កេតការណ៍ទាំងអស់នាពេលនេះ រឹងរឹតតែធ្វើឱ្យកិច្ចប្រជុំនេះកាន់តែមានអត្ថន័យខ្លាំងឡើងថែមទៀត»

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសមាជិកចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ទាំងអស់ បន្តរក្សាទំនាក់ទំនងគ្នា ដើម្បីជំរុញឱ្យកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ក្លាយជាយន្តការដ៏សំខាន់ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាជាសមាជិកអាយប៉ា ក្នុងតំបន់ និងសមាជិកសភាវ័យក្មេងក្នុងពិភពលោក៕