(ភ្នំពេញ)៖ លោក Tong Shuishun អនុប្រធានសមាគមស្បែកជើងកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទីក្រុងហុងកុង ដើម្បីចូលរួមសន្និសីទស្បែកជើងអន្តរជាតិលើកទី៣៩ (IFC) របស់សហព័ន្ធនៃសមាគមស្បែកជើងអន្តរជាតិ (CIFA) ។ តំណាងសមាជិកមកពីប្រទេស និងតំបន់ចំនួន១៤ បានចូលរួមក្នុងសន្និសីទស្បែកជើងអន្តរជាតិ (CIFA) លើកនេះ ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញ នៅពេលថ្មីៗនេះ។

នៅក្នុងសន្និសីទនោះ តំណាងសមាគមស្បែកជើងកម្ពុជា បានណែនាំពីសក្ដានុពលនៃការអភិវឌ្ឍ និងវិស័យឧស្សាហកម្មរបស់កម្ពុជាដល់តំណាងមកពីប្រទេសនានាដែលមានវត្តមានក្នុងសន្និសីទ ហើយបានអំពាវនាវដល់អ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា។

សហព័ន្ធនៃសមាគមស្បែកជើងអន្តរជាតិ (CIFA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ដោយហុងកុង ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ហើយបានអភិវឌ្ឍដល់ ១៦ប្រទេស និងតំបន់ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ និងការផ្លាស់ប្តូរបទពិសោធន៍នៃវិស័យឧស្សាហកម្មស្បែកជើងរវាងប្រទេស និងតំបន់។ សមាគមស្បែកជើងកម្ពុជា បានក្លាយជាសមាជិកជាផ្លូវការរបស់សហព័ន្ធ នៃសមាគមស្បែកជើងអន្តរជាតិនៅឆ្នាំ២០១៩។

លើសពីនេះ លោកស្រី Liu Huiqi អនុប្រធានសមាគមស្បែកជើងកម្ពុជា និងលោក Wu Kunzheng ក្រុមប្រឹក្សាភិបាលសមាគមស្បែកជើងកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិពរណ៌ស្បែកជើងអន្តរជាតិលើកទី២២ កាលពីថ្ងៃទី ១៦ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅប្រទេសវៀតណាមផងដែរ៕