(កំពត)៖ ធុងជម្រោះទឹកស្អាត ដែលបានផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពត បន្តផ្តល់ជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារ នៅស្រុកកំពង់ត្រាច និងក្រុងបូកគោ។

ពិធីផ្តល់នូវធុងចម្រុះទឹកស្អាតខាងលើ បានប្រព្រឹត្តធ្វើឡើង នៅទីតាំងនៃសាលាស្រុកកំពង់ត្រាច និងសាលាសង្កាត់កោះតូច ក្រុងបូកគោ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចូលរួមពីក្រុមការងារ សមាជិក សមាជិកា ក្រោមឱវាទពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសចុះជួបសំណេះសំណាលនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ។ ពិសេសកន្លងមកលោកតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានបន្តថា ចំពោះការផ្តល់ជូនធុងចម្រោះទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកននាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនេះ លោកស្រីប្រធានកិត្តិយសសាខា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកធុងចម្រោះទឹកនេះ ទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត។ ជាពិសេសត្រូវបន្តអនុវត្តវិធានសុវត្តិភាព ៣កុំ ៣ការពារ និងទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យគ្រប់ដូស និងគ្រប់គ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ក្រុមហ៊ុន SIPCO បានផ្តល់ចង្រ្កានសន្សំសំចៃថាមពល ចំនួន ៣៣,៦៣៦គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១១,២១២ធុង ដោយឥតគិតថ្លៃជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំង៩ ក្រុង-ស្រុក ក្នុងខេត្តកំពត។ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងបន្តធ្វើការចែកជូនសម្ភារៈទាំងនេះឱ្យដល់ដៃប្រជាពលរដ្ឋទាំង៩ ក្រុង-ស្រុក ជាបន្តបន្ទាប់។ ដោយឡែកសម្រាប់ពេលនេះ ស្រុកកំពង់ត្រាច ទទួលបានធុងចម្រោះទឹកស្អាត ចំនួន ១,៦៥០ធុង ខណៈដែលក្រុងបូកគោ ទទួលបានធុងចម្រោះទឹកស្អាត ចំនួន ៣៥៤ធុង៕