(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «គាត់ (ចូ បៃដិន) មើលសិល្បៈ គាត់សង្កេតសិល្បៈរបស់យើងខ្លាំងណាស់។ រួចហើយគាត់សួរខ្ញុំថា តើសម្លៀកបំពាក់ហ្នឹង មានតាំងពីសម័យណាមក? ខ្ញុំក៏បានប្រាប់គាត់ថា សម្លៀកបំពាក់នេះ យើងបានយកពីសិលាចរិក ដែលមានតាមប្រាង្គប្រាសាទនានា ។ អញ្ចឹងសម្លៀកបំពាក់នេះ វាមានយូរហើយ ចូលដល់ពាន់ឆ្នាំទៅហើយ»

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ជំនួបរវាងសម្តេចជាមួយ លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញថ្មីៗនេះ មិនបានជជែកអំពីរឿង កញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ។ ជុំវិញបញ្ហានេះ សម្តេចបានស្នើឱ្យ អ្នកអត្ថាធិប្បាយមួយចំនួនដែលមានការយល់ច្រឡំពោះរឿងនេះ គោរពដល់ក្រមសីលធម៌ នៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំ។

សម្តេចបានបកស្រាយថា រាល់ជំនួបរបស់មេដឹកនាំគឺមានកំណត់ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែល លោក ចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ។

សម្តេចបានបង្ហើបទៀតថា នៅក្នុងជំនួបនោះ សម្តេចបានសរសើរពីភាពសកម្មរបស់អាមេរិក ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ ដល់ចំណុចនេះ សម្តេចបានអះអាងថា លោក ចូ បៃដិន ក៏បានសន្យាជាមួយសម្តេចដែរថា វត្ថុបុរាណនោះអាចនឹងមាននៅសេសសល់ថែមទៀត ហើយលោកនឹងប្រឹងប្រែងបន្ថែម ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ លោក ចូ បៃដិន បានលើកនូវចំណុចមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់បុរាណខ្មែរ។

សម្តេចបញ្ជាក់ថា «រឿងខ្លះវាអត់មានទាល់តែសោះ ហើយមកឱ្យខ្ញុំទទួលស្គាល់ថា «គេមកប្រដៅដល់ផ្ទះ» ខ្ញុំដូចជាមិនយល់ គាត់មកក្នុងឋានៈជាការចូលរួមប្រជុំអាស៊ាន ខ្ញុំទទួលគាត់រួចហើយយើងដើរជាមួយគ្នាទៅកាន់កន្លែងប្រជុំ ហើយពេលយប់បាយជាមួយគ្នា ក៏អត់មាននិយាយអ្វីដែរ»៕