(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា នៅក្នុងជំនួបរវាងសម្តេចជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ដែលប្រព្រឹត្តទោសត្រឡប់មកកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំក៏បានលើក រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ត្រូវបញ្ជូនមកស្រុកខ្មែរ។ ខ្ញុំថា ដើម្បីកុំឲ្យពិបាក ឥឡូវអនុវត្តអនុស្សារណៈ ឆ្នាំ២០០២ តែម្តងទៅ រួចហើយសម្ភាស គឺសម្ភាសតាមអនឡាញក៏បាន ឬសម្ភាសផ្ទាល់ក៏បានដែរ»

សម្តេចបន្តថា «អ្វីដែលខ្ញុំសុំ គឺសុំកុំបញ្ជូនទៅបរទេស។ កន្លងទៅ ពេលបញ្ជូនមកស្រាប់តែបញ្ជូនទៅឡាវ ២នាក់បាត់។ យើងមានកិច្ចព្រមព្រៀងជាមួយអាមេរិក ២០ឆ្នាំហើយ ក្នុងការទទួលយកពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ ក្រោយអនុវត្តទោស»

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញថ្មីៗនេះ ក៏សម្តេចតេជោ អះអាងថា មិនបានជជែកអំពីរឿង កញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ។ ជុំវិញបញ្ហានេះ សម្តេចបានស្នើឱ្យ អ្នកអត្ថាធិប្បាយមួយចំនួនដែលមានការយល់ច្រឡំពោះរឿងនេះ គោរពដល់ក្រមសីលធម៌ នៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំ។

សម្តេចបានបកស្រាយថា រាល់ជំនួបរបស់មេដឹកនាំគឺមានកំណត់ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែល លោក ចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ។

សម្តេចបានបង្ហើបទៀតថា នៅក្នុងជំនួបនោះ សម្តេចបានសរសើរពីភាពសកម្មរបស់អាមេរិក ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ ដល់ចំណុចនេះ សម្តេចបានអះអាងថា លោក ចូ បៃដិន ក៏បានសន្យាជាមួយសម្តេចដែរថា វត្ថុបុរាណនោះអាចនឹងមាននៅសេសសល់ថែមទៀត ហើយលោកនឹងប្រឹងប្រែងបន្ថែម ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ លោក ចូ បៃដិន បានលើកនូវចំណុចមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់បុរាណខ្មែរ។

សម្តេចបានប​ន្តបង្ហើបទៀតអំពីខ្លឹមសារនៃជំនួបដោយបញ្ចាក់ថា លោក ចូ បៃដិន បានសង្កេតសិល្បៈបុរាណរបស់ខ្មែរ ហើយចោទសួរថា សំលៀកបំពាក់នេះ មានតាំងពីសម័យណាមក។ ពេលនោះ សម្តេចបានឆ្លើយថា សំលៀកបំពាក់នេះ គឺយកចេញពីសិលាចារិក តាមប្រាសាទនានា ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដោយក្នុងនោះក៏មានអប្សរាផងដែរ។

បន្ទាប់ពីឆ្លើយតបនឹងរឿងអត្ថាធិប្បាយជុំវិញជំនួបសម្តេចជាមួយ លោក ចូ បៃដិន, សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះការអត្ថាធិប្បាយមួយទៀត ដែលសម្តេចចាត់ទុកថា «ខុសពីការពិត» ទាក់ទងនឹងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដែលក្រុមអ្នកអត្ថាធិប្បាយទាំងនោះ បានលើកឡើងថា លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានផ្តល់ដំបូន្មានដល់មេដឹកនាំកម្ពុជា អំពីដំណើរការប្រជាធិបតេយ្យ។

សម្តេចបានអះអាងថា សម្តេច និង លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានស្គាល់គ្នាតាំងពីគាត់ធ្វើជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ម្ល៉េះ ហើយក៏ពុំមានអ្វីដូចទៅនឹងការអត្ថាធិប្បាយចោទប្រកាន់នោះដែរ៕