(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែន ក្រសួង ស្ថានប័នពាក់ព័ន្ធឱ្យបើកកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដើម្បីបោសសំអាតមីនតាមព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនគ្មានគ្រាប់មីន ខណៈតាមការវាយតម្លៃរបស់នាយករដ្ឋមន្ត្រីថៃ គឺតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណ៤០គីឡូម៉ែត្រការ៉េ នៅមានគ្រាប់មីននៅឡើង។

ការណែនាំបែបនេះ របស់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ក៏សូមបញ្ជាក់ជូនដល់អភិបាលខេត្តនៅតាមព្រំដែន ក្រសួង ស្ថាប័នពាក់ព័ន្ធ ខ្ញុំជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាអញ្ចេះ ដោះមីននៅកន្លែងណាដែលមានមីន ដោយមិនគិតពីបញ្ហាព្រំដែនទេ រឿងនេះឯកឧត្តម វ៉ា គឹមហុង ត្រូវបន្តធ្វើការ បន្តិចទៀត គឺជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅប្រជុំជាមួយគណៈកម្មការព្រំដែន»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កាលពីមុនកម្ពុជា បានស្នើថាធ្វើយ៉ាងម៉េចត្រូវដោះគ្រាប់មីន ឱ្យអស់នៅព្រំដែន ដោយមិនជាប់ព័ន្ធនឹងបញ្ហាព្រំដែន ប៉ុន្តែ ខាងភាគីថៃ មិនទាន់ឆ្លើយ។ ក៏ប៉ុន្តែ លើកនេះនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ព្រំដែនជាង៤០គីឡូម៉ែត្រការ៉េ ដែលសង្ស័យថាមានគ្រាប់មីន។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «យើងអត់ចាំថាត្រូវកំណត់ព្រំដែនសិនបានដោះមីនទេ ដោះគ្រាប់មីនឱ្យហើយសិន ងារឿងព្រំដែន ត្រូវទុកក្រោយ បើកច្រកក៏ដូចគ្នាដែលមិនចាំបាច់ទាល់តែកំណត់ព្រំដែនហើយចាំបើកច្រក បើកសិនទៅ ព្រោះការបើកច្រកវាអត់ទាក់ទិននឹងការកំណត់ព្រំដែន អាហ្នឹងត្រូវធ្វើកិច្ចការងារហ្នឹង»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបើកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន គឺធ្វើយ៉ាងណាឱ្យតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង គ្មានគ្រាប់មីន។ ខណៈតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម កម្ពុជា-ឡាវ បានក្លាយជាតំបន់ព្រំដែនគ្មានគ្រាប់មីន។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានលើកឡើងថា សម្រាប់តំបន់ព្រំដែនកម្ពុជា-ថៃ គឺនៅបន្តមានគ្រាប់មីន។ «យើងនៅជាមួយថៃ បើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា គឺថានៅសល់ប្រមាណ៤០គឺឡូម៉ែត្រការ៉េ ដូច្នេះ គឺយើងត្រូវរួមគ្នា ទាំងភាគីថៃ ដោយមានកិច្ចសហប្រតិបត្តិការគ្នា រឿងព្រំដែនវាមិនទាន់ច្បាស់ ប៉ុន្តែ យើងអត់កំណត់នេះដីថៃ នេះដីកម្ពុជាទេ គ្រាន់ថាតំបន់ហ្នឹង តំបន់មិនដាច់ស្រេច ប៉ុន្តែ វាមានមីន អ៊ឹចឹងយើងសហការគ្នាទៅ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា​ ការអនុវត្តផែនការដោះគ្រាប់មីនចេញពីព្រំដែន គឺជារឿងសំខាន់បំផុត ដើម្បីឱ្យប្រជាជននៅតាមព្រំដែនរស់នៅប្រកបដោយសេចក្តីសុខសប្បាយ។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាលបានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារ សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»