(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

«នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចបានរំលឹកផងដែរថា ជាមួយនឹងបទពិសោធន៍លើសកម្មភាពមីនក្នុងរយៈពេល ៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសជាច្រើន ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីប លីបង់ ស៊ីរី និងយេម៉ែន។

សម្តេចបន្តថា រយៈពេលជាង១៦ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៨ ៣០២នាក់ ក្នុងនោះមាននារីចំនួន ៥៨០នាក់ បានបំពេញបេសកកម្ម និងបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់ស្ថិរភាពក្នុងពិភពលោក។ ការណ៍នេះបានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជាប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្តេចបានបញ្ជាក់បន្ថែមថា ការរួមចំណែករបស់កម្ពុជា និងស្នាដៃរបស់វីរយុទ្ធនារីកម្ពុជានៅឆ្នាំ២០២២នេះ ទទួលបានការអបអរសាទរពីអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ។

សម្តេចបានបន្តថា ជាមួយគ្នានេះ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Centre- ARMAC) ដែលសម្តេចបានផ្តួចផ្តើមគំនិតបង្កើតឡើង និងមានទីតាំង នៅរាជធានីភ្នំពេញ កំពុងជួយប្រទេសសមាជិកអាស៊ានដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះ ដើម្បីបង្កើនការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសកម្មភាពមីន ពង្រីកបណ្តាញសម្របសម្រួលផ្តល់ជំនួយដល់ជនរងគ្រោះសម្រាប់តំបន់អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនក្នុងកម្រិតតំបន់ និងអន្តរជាតិ៕