(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូន លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ចំពោះមរណភាពរបស់ ឧបាសិកា លីវ យីន ត្រូវជាម្តាយក្មេក។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឧបាសិកា លីវ យីន ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤៖០៥នាទីល្ងាច ក្នុងជន្មាយុ ៩១ឆ្នាំ ដោយ ជរាពាធ»

ជាមួយនឹងការចូលរួមរំលែកទុក្ខ សម្ដេចវិបុលសេនាភក្តី បានចាត់ទុកថា មរណភាពរបស់ឧបាសិកា ជាការបាត់បង់ ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំទូន្មានបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

សម្តេចបន្តថា៖ «ទោះបី រូបកាយរបស់ ឧបាសិកា លីវ យីន បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តី ថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»

សម្តេចបានបួងសួងសូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លីវ យីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕