(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៣ បានលើកឡើងថា ក្នុងពេលដែលតំបន់អាស៊ាន និងពិភពលោក កំពុងជួបប្រទះបញ្ហាប្រឈម មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) គួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ។

សម្តេចហេង សំរិន បានលើកឡើងបែបនេះ នៅក្នុងឱកាសថ្លែងសុន្ទរកថាបើក មហាសន្និបាតអាយប៉ា(AIPA) លើកទី៤៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចបានថ្លែងថា យើងប្រារព្វពិធីបើក មហាសន្និបាតអាយប៉ាលើកទី៤៣ នៅរាជធានីភ្នំពេញនាថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសពោរពេញដោយសន្តិភាព និងរីករាយ ខណៈដែលពិភពលោកយើងកំពុងរស់នៅបច្ចុប្បន្ន មានស្ថានភាពមិនដូចគ្នាឡើយ។ តំបន់អាស៊ាន និងពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទី។ ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង, ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម និងការចាប់ផ្ដើមបែងចែកនិន្នាការសេដ្ឋកិច្ច, ភាពតានតឹងនៃបញ្ហាតៃវ៉ាន់, ភាពតានតឹងនៅឧបទ្វីបកូរ៉េ, ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកទទួលរងនូវឥទ្ធិពលដ៏លំបាកយ៉ាងខ្លាំង។ ជាមួយគ្នានេះ សង្គ្រាមនៅអ៊ុយក្រែន បានបន្ថែមការលំបាកមួយកម្រិតទៀតដល់ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារផងដែរ។

«ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលយើងបន្តពង្រឹងភាពជាដៃគូ ពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់»។ នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាកម្ពុជា។

សម្តេចបានបន្ថែមថា ការលើកកម្ពស់សន្តិភាព និងការយោគយល់គ្នា ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល គឺជាការខិតខំមិនចេះ រីងស្ងួតរបស់យើង ហើយជាពិសេសវិស័យការទូតសភា គួរតែបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងបញ្ហានេះ។

សម្តេចបានបន្តទៀតថា យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយដែលបង្កឱ្យមានសង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ៕