(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ហៅកាត់ថា (AIPA43) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកសម័យប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ។

មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់អាយប៉ា ក្រោយពីការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតអាយប៉ាលើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោយប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក។

កម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ចំនួនពីរលើករួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៤ ជាមហាសន្និបាតអាយប៉ូ លើកទី២៥ ដែលកាលនោះ អន្តរសភាអាស៊ាន នៅមានឈោ្មះថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា (AIPO) នៅឡើយ និងលើកទី២ នៅឆ្នាំ ២០១១សភាកម្ពុជា បានធ្វើប្រធានអាយប៉ាម្ដងទៀត នាមហាសន្និបាតអាយប៉ាលើកទី៣២។

នៅឆ្នាំ២០២២នេះ គឺជាលើកទី៣ ដែលថ្នាក់ដឹកនាំសភាបណ្តាប្រទេសសមាជិកអាយប៉ា ប្រទេសអ្នក សង្កេតការណ៍ រួមនឹងភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូរ នឹងមកជួបជុំគ្នាម្ដងទៀតនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា សារជាថ្មីក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ៕