(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិក ប្រចាំគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំភ៍ បាននិយាយថាលោកនឹងអញ្ជើញមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ហើយធ្វើការចរចាគ្នាលើកម្មវិធីនុយក្លេអ៊ែរ ស្របពេលនៃការញុំាហាំប៊ឺហ្គឺ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំភ៍ បានថ្លែងនៅក្នុងបទបង្ហាញពីគោលនយោបាយនៅ Atlanta នាថ្ងៃពុធ ដូច្នេះថា «ប្រសិនបើគាត់មកទីនេះ ខ្ញុំនឹងទទួលស្វាគមន៍គាត់។ ខ្ញុំចង់ជួបនាំមេដឹកកូរ៉េខាងជើង។ តើវាមានបញ្ហាអីទៅ គ្រាន់តែរឿងប៉ុណ្ណឹង? ខ្ញុំចង់និយាយជាមួយគ្រប់គ្នា ដែលខ្ញុំចង់»។

គួរបញ្ជាក់ថា កាលពីខែឧសភា អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ត្រាំភ៍ ក៏ធ្លាប់លើកឡើងពីការគ្រោងជួបចរចាផ្ទាល់ ជាមួយនឹងមេដឹកនាំផ្តាច់ការកូរ៉េខាងជើងដែរ ដែលកាល ណោះសាធារណមតិជាតិ និងអន្តរជាតិមួយចំនួនបានធ្វើការរិះគន់យ៉ាងខ្លាំង រួមទាំងលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ។

ងាកមកកាន់កូរ៉េខាងជើងវិញ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានកោតសរសើរពីជំហររបស់លោក ដូណាល់ ត្រាំភ៍ ដែលអាចនឹងធ្វើឲ្យកូរ៉េខាងជើង និងអាមេរិក មើលមុខគ្នាត្រង់ប្រសិនបើបេក្ខភាព ប្រធានាធិបតីអាមេរិករូបនេះ ឈ្នះឆ្នោតនៅខែវិច្ឆិកា ខាងមុខ៕