(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានអញ្ជើញចូលរួមនៅក្នុងឱកាសបើកពិព័រណ៍ខួប ៣០ ឆ្នាំ នៃសកម្មភាពមីន។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់ជនរងគ្រោះដោយសារគ្រាប់មីនប្រចាំឆ្នាំមានការថយចុះជាលំដាប់ ដោយកាលពីឆ្នាំ១៩៩៦ មានអ្នករងគ្រោះចំនួន៤៣២០នាក់ ហើយនៅឆ្នាំ២០២១កន្លងទៅ មានអ្នករងគ្រោះមកនៅត្រឹម៤៤នាក់។

នាឱកាសបើកពិព័រណ៌ ៣០ឆ្នាំ នៃសកម្មភាពមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបានចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលបានដាក់តាំងបង្ហាញអំពី ដំណើរដ៏វែងឆ្ងាយនៃកិច្ចគាំពារសន្តិភាព និងបេសកកម្មរួមគ្នាលើសកម្មភាពមនុស្សធម៌ដ៏ប្រពៃបំផុតមួយ។

លោកថា «បេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ ជារួម ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៧០៣ ភូមិ ត្រូវបានបោសសម្អាត និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជា ដីមាស»

បើតាមលោកទេសរដ្ឋមន្រ្តី ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន មានប្រជាជនរងគ្រោះចំនួន ៦៥.០០៤ នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩.៨១៨ នាក់។ ជាមួយគ្នានេះ ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

សមិទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តនេះ កើតមានឡើងតាមរយៈញើសឈាម និងការខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ដែលជាដំណើរដ៏វែងឆ្ងាយ នៃការបំពេញការងារ យ៉ាងច្រើនអនេក ជាមួយភាពហ្មត់ចត់ ជាមួយធូលីដី ក្រោមភ្លៀង ពន្លឺថ្ងៃ និងប្រឈមគ្រោះថ្នាក់។ ដោយសារផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានទំហំធំ ហើយធនធានបោសសម្អាតមានកម្រិត កម្ពុជា បានរៀបចំផែនការ និងការចាត់អាទិភាព ការបោសសម្អាតសម្រាប់តំបន់ដែលរងផលប៉ះពាល់ និងមានតម្រូវការខ្លាំងបំផុត។

សម្រាប់ប្រតិបត្តិការបោសសម្អាត ប្រតិបត្តិករបានប្រើគ្រប់លទ្ធភាពនៃវិធីសាស្ត្រ ឧបករណ៍ និងបច្ចេកវិទ្យា ក្នុងការបោសសម្អាតស្របតាមស្ថានភាពចម្ការមីន។ សម្រាប់តំបន់ដែលមិនទាន់ត្រូវបានបោស សម្អាត ការអប់រំ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានភាពចាំបាច់ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋក្នុងតំបន់នោះ ពីការប៉ះពាល់មីន ឬចូលទៅក្នុងចម្ការមីនដែលអាចបង្កគ្រោះថ្នាក់។ ជាមួយគ្នានេះ កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាកិច្ចការចាំបាច់ក្រោយនិងក្នុងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងលើកកម្ពស់ជីវភាពរស់នៅ ដែលកិច្ចការនេះនៅតែបន្តមាន ទោះបីជាក្រោយពេលដែលគ្រាប់មីនចុងក្រោយត្រូវបានបំផ្លាញចោល។

លោកបានបន្តទៀតថា ការតាំងពិព័រណ៍នេះ ក៏បានដាក់តាំងបង្ហាញពីសមិទ្ធផលសកម្មភាពមីនរយៈពេល៣០ឆ្នាំ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ (សុនខ និងកណ្តុរ)។

បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់ច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការចូលរួមរយៈពេលជាង ១៦ ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៨.៣០២នាក់ ក្នុងនោះមាននារីចំនួន ៥៨០នាក់ បានបំពេញបេសកកម្មចំនួន ០៩ ប្រទេស ហើយទាហានមួកខៀវទាំងនោះ។

ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់យើងទាំងអស់គ្នា៖

*ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា
*វាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន
*សម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
*កោតសរសើរ ភាពប៉ិនប្រសប់របស់អ្នក ដែលបាននាំមក នូវបច្ចេកវិទ្យាថ្មីៗក្នុងការរាវរក ការបោសសម្អាត និងបង្កើតឧបករណ៍ការពារនានា និង
*សម្តែងនូវការដឹងគុណ ដល់អ្នកបោសសម្អាតមីនទាំងអស់។

ការរក្សាទុក និងការតាំងបង្ហាញនូវប្រវត្តិសង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន ផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិមួយ ដូចជាលើកកម្ពស់ការយល់ដឹងពីប្រភពខ្លួន ជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធផលដែលសម្រេចបាន។ មេរៀនជាប្រវត្តិសាស្រ្ត បានបង្ហាញឲ្យយើងទាំងអស់គ្នា ត្រូវបន្តចូលរួមជាមួយ សម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព ដោយការពារដាច់ខាត ពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី ធុជ។

លោកបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ កម្ពុជាបានទទួលនូវសន្តិភាពពេញលេញ បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងទប់ស្កាត់ការគ្រោះថ្នាក់។ កម្ពុជា បានអភិវឌ្ឍខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងខិតខំអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ យើងបានដឹងហើយថា ប្រវត្តិនៃការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ត្រូវបានស្រាវជ្រាវ ចងក្រង និងតាំងបង្ហាញយ៉ាងក្បោះក្បាយនៅវិមានឈ្នះឈ្នះ»