(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាខេត្តកំពត និងលោកស្រី មៀច សុធារី អគ្គលេខាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចូលរួមក្នុងពិធីចែកនូវចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋចំនួន ២០០នាក់ មកពីស្រុកចំនួន២ គឺស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ដែលពិធីផ្តល់នូវសម្ភារខាងលើ បានប្រព្រឹត្តធ្វើឡើង នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចូលរួមពីក្រុមការងារ សមាជិក សមាជិកា ក្រោមឱវាទពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានលើកឡើងថា ការផ្ដល់សម្ភារ គោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។

ទន្ទឹមនេះ លោកស្រីប្រធានកិត្តិយសសាខា ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនប្រជាពលរដ្ឋទាំងអស់ ហើយលោកអភិបាលខេត្ត តែងគិតគូរ អំពីសុខទុក្ខ និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកន្លងមក លោកអភិបាលខេត្ត តែងតែជួយគាំទ្រសកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកស្រី មៀច សុធារី អគ្គលេខាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន SIPCO ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃនូវចង្រ្កានសន្សំសំចៃថាមពល ចំនួន ៣៣,៦៣៦គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១១,២១២ធុង ជូនដល់ប្រជាពលរដ្ឋទាំង ៩ក្រុង-ស្រុក ក្នុងខេត្តកំពត តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ។ ហើយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងធ្វើការចែកជូនរហូតគ្រប់ក្រុង-ស្រុក ជាបន្តបន្ទាប់ទៀត ដោយឡែកសម្រាប់ពិធីនេះ ស្រុកអង្គរជ័យទទួលបានចង្រ្កានសន្សំសំចៃថាមពលចំនួន ១,៣១៣គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១,៣០០ធុង និងស្រុកបន្ទាយមាស ទទួលបានធុងចម្រោះទឹកស្អាតចំនួន ១,៧៥៨ធុង៕