(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់តាំងឲ្យលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចុះជួបសំណេះសំណាលលើកទឹកចិត្ត និងតម្រង់ទិសសិស្សានុសិស្សរៀនថ្នាក់ទី១២ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យ ចំនួន៤ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីជួបសំណេះសំណាលលើកទឹកចិត្ត និងតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីនោះ នៅពេលព្រឹកលោកបណ្ឌិត ហេង សុខគង់ បានជួបលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្លាបលែង ដែលមានសិស្សចូលរួម១៣៤នាក់ និងលោកគ្រូ អ្នកគ្រូ ចូលរួម ៣០នាក់ បន្តមកលោកអញ្ជើញជួបលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមង្គលបរពិត្រ ដែលមានសិស្សចូលរួម៧៥នាក់ និងលោកគ្រូ អ្នកគ្រូចូលរួម២១នាក់។

ពេលរសៀលលោកបណ្ឌិត បន្តចុះជួបលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ វិទ្យាល័យសម្តេចឪ សម្តេចម៉ែបសេដ្ឋ ដែលមានសិស្សចូលរួម១០៥នាក់ និងលោកគ្រូ អ្នកគ្រូ ១៦នាក់ បន្តមកនៅវិទ្យាល័យ ២៤កញ្ញា មានសិស្សចូលរួម ៩១នាក់ និងលោកគ្រូ អ្នកគ្រូ ចូលរួម ៤០នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី មកជូនសិស្សានុសិស្សទាំងអស់ និងសូមជូនពរឲ្យសិស្សានុសិស្សទាំងអស់ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណជូនដល់លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្សទាំងអស់ផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិត ហេង សុខគង់ ក៏បានណែនាំ និងក្រើនរំលឹកនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖

* លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមទៀត
* ផ្តល់នូវវិធីសាស្ត្រល្អៗមួយចំនួនដល់សិស្សានុសិស្សទាំងអស់ ក្នុងការរៀនសូត្រឲ្យបានពូកែ ងាយចាំ និងចងចាំបានយូរ
* ជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ ក្នុងការចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រពិត ជាពិសេស STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ឲ្យបានច្រើនស្របតាមយុទ្ធសាស្រ្តផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឆ្នាំ២០៣០
* តម្រង់ទិសសិស្សានុសិស្សក្រោយប្រឡងជាប់បាក់ឌុបហើយ ត្រូវចេះជ្រើសរើសមុខជំនាញណាដែលគួររៀន គួរចាប់យកស្របតាមបរិបទ នៃការរីកចម្រើនរបស់ប្រទេស និងពិភពលោក
* ជំរុញ និងលើកទឹកចិត្តសិស្សដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឲ្យទៅចុះឲ្យបានគ្រប់ៗគ្នា (តាមការសាកសួរមានសិស្សានុសិស្សដែលមានវត្តមានប្រមាណជាង៣០រូប ដែលមិនទាន់បានចុះឈ្មោះនៅឡើយ)
* ជំរុញ និងលើកទឹកចិត្តសិស្សទាំងអស់ឲ្យធ្វើជាសិស្សល្អ កូនល្អ មិត្តភក្តិល្អ និងពលរដ្ឋល្អ ជៀសវាងការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បានផ្តល់ជូននូវអំណោយរបស់លោក ហ៊ុន ម៉ានី ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានចូលរួមទាំងអស់ រួមមាន៖ សិស្ស៤០៥នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរមានយុទ្ធសាស្ត្រ 3Cs របស់លោក ហ៊ុន ម៉ានី ចំនួន៣ក្បាល និងប៊ិច២ដើម, លោកគ្រូ អ្នកគ្រូ ១០៧នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ មានយុទ្ធសាស្ត្រ 3Cs ៣ក្បាល ប៊ិច២ដើម និងថវិកា២ម៉ឺនរៀល, ប្រធានការិយាល័យអប់រំស្រុក ទទួលបានសៀភៅ១០ក្បាល និងថវិកា២០ម៉ឺនរៀល៕