(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងមហាសន្និបាតអន្ដរសភាអាស៊ាន លើកទី៤៣ ក្រោមប្រធានបទ «បោះជំហ៊ានទៅមុខជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» បានលើកឡើងថា ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ទាក់ទងនឹងចីរភាព, បរិយាបន្ន និងភាពធន់, អាស៊ាន បាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស, ការកែទម្រង់វិស័យអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជនក្នុងការបង្កើនផលិតភាពសេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទាក់ទងនឹងចីរភាព, បរិយាបន្ន និងភាពធន់, អាស៊ាន បាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស, ការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជនក្នុងការបង្កើនផលិតភាពសេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ១៩។ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ, កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, អាស៊ាន ក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា ឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រា, សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និងមធ្យម និងជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននានា ដែលកិច្ចការទាំងនេះ នឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងដែរថា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមជួយជ្រោមជ្រែងពីសមាជិកអាស៊ាន, កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈ លើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និង ដៃគូ បានអនុម័តឯកសារ និងគំនិតផ្តួចផ្តើមសំខាន់ៗ ជាច្រើនសំដៅលើកកម្ពស់ចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន ដូចជា៖

*ទី១៖ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា
*ទី២៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥
*ទី៣៖ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្ត្រីក្នុងតំបន់អាស៊ាន
*ទី៤៖ សេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន៕