(សៀមរាប)៖ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា», ក្រុមការងារនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានទទួលជួបសំណេះសំណាលជាមួយលោក ហុក វ៉ាន់ធីណា ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ នាំមកនូវថវិកាចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ដែលទទួលបានពីសប្បុរជន ៥០រូប ដើម្បីបរិច្ចាគជូន «មូលនិធិគន្ធបុប្ផាកម្ពុជា»

ក្នុងឱកាសនោះ, ក្រុមការងារនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីថ្នាក់ដឹកនាំ “មូលនិធិគន្ធបុប្ផាកម្ពុជា” ជូន លោក ហុក វ៉ាន់ធីណា និងក្រុមការងារ ចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្ហាញពីស្មារតីខ្មែរជួយខ្មែរ និងទឹកចិត្តដ៏ថ្លៃថ្លាក្នុងការចូលរួមផ្ដល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ, លោក ហុក វ៉ាន់ធីណា និងក្រុមការងារ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំមូលនិធិ និងមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខុមាលភាព និងសុខភាពកុមារនៅកម្ពុជា។

ក្រុមការងារនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានលើកទឹកចិត្ត លោក ហុក វ៉ាន់ធីណា និងក្រុមការងារ ឱ្យបន្តចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសុខសន្តិភាព៕