(សៀមរាប)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយពីសាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីការបញ្ចប់ការកែលម្អកម្មវិធីអប់រំ កម្រិតបរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញសាកវប្បកម្ម ព្រមទាំងអភិវឌ្ឍសម្ភារៈរៀន និងបង្រៀន ក្រោមគម្រោងការកែលម្អការអប់រំឧត្តមសិក្សា ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប ក្រោមវត្តមានលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនិងជាអ្នកសម្របសម្រួលគម្រោងតំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធានគម្រោង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៨នាក់ ដែលជាថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង អ្នកជំនាញវិទ្យាសាស្រ្តកសិកម្ម ពីសាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា និងអ្នកជាប់ពាក់ព័ន្ធដទៃទៀត។

សិក្ខាសាលានេះ មានគោលបំណងជាចម្បង ក្នុងពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីបញ្ចប់ការកែលម្អកម្មវិធីអប់រំសាកវប្បកម្ម និងការអភិវឌ្ឍសម្ភារៈរៀន និងបង្រៀនលើជំនាញនេះ ដើម្បីទទួលបានការទទួលស្គាល់កម្មវិធីអប់រំកម្រិតជាតិ និងអន្តរជាតិ។

ថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ បានធ្វើបទបង្ហាញ និងពន្យល់កម្មវិធីសិក្សាលម្អិតជំនាញនេះ ព្រមទាំងបង្ហាញពីសក្តានុពលនៃសម្ភារៈរូបវ័ន្តដូចជាអគារសិក្សា កសិដ្ឋានពិសោធន៍ បន្ទប់ពិសោធន៍ និងធនធានមនុស្សដើម្បីគាំទ្រដល់ការ បណ្តុះបណ្តាល និងស្រាវជ្រាវប្រកបដោយគុណភាព និងឱកាសការងារខ្ពស់។

កម្មវិធីអប់រំនេះនឹងត្រូវដាក់ឱ្យដំណើរការបង្រៀនជាផ្លូវការនៅសាកលវិទ្យាល័យជាតិបាត់ដំបង នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ។

សូមជម្រាបថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិបាត់ដំបង បានខិតខំប្រឹងប្រែងលើកម្ពស់គុណភាពនៃការរៀន ការបង្រៀន ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួររលឹកដែរថា កិច្ចព្រមព្រៀងភាពជាដៃគូវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងពីសាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា (PSU) មានរយៈពេល៣ ឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២០ ដល់ ថ្ងែទី៣០ ខែមិថុនា២០២៣ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

សាកលវិទ្យាល័យជាតិបាត់ដំបងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យល្បីៗចំនួន០៤រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (កម្ពុជា) សាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា (សហរដ្ឋអាមេរិក) សាកលវិទ្យាល័យស៊ីដនី (អូស្រ្តាលី) សាកលវិទ្យាល័យឧប៊ុនរាធានី (ថៃ) ដែលមានទឹកប្រាក់សរុបប្រមាណជាជាង ៦០, ០០០០ ដុល្លាអាមេរិក (ហុកសិបម៉ឺនដុល្លាអាមេរិក) នៅក្នុងសមាសភាគទីមួយស្តីពីការកែលម្អការរៀន និងការបង្រៀននៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា៕

http://image.freshnewsasia.com/2021/id-155/fn-2022-11-21-12-34-27-0.JPG