(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ាន ចូលរួមចំណែកក្នុងការដោះស្រាយ រាល់បញ្ហាប្រឈម ដ៏លំបាកនានាដែលតំបន់ កំពុងជួបប្រទះ ហើយបានឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការ កសាងសហគមន៍អាស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោបានថ្លែងទៀតថា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមជួយជ្រោមជ្រែង ពីសមាជិកអាស៊ាន កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈ លើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និងដៃគូ បានអនុម័តឯកសារ និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ ចីរភាពបរិយាបន្ន និងភាពធន់របស់អាស៊ានដូចជា៖

១៖ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា
២៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥
៣៖ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្ត្រី ក្នុងតំបន់អាស៊ាន
៤៖ សេចក្ដីថ្លែងការណ៍ស្តី ពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ ក្នុងតំបន់អាស៊ាន ។ល។

សម្តេចបន្តថា ទាក់ទងនឹងចីរភាព បរិយាបន្ន និងភាពធន់ អាស៊ានបាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។

ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ, កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍ តំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា ឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រា, សេដ្ឋកិច្ចបៃតង និង ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម, និងជាពិសេស ការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននានា, ដែលកិច្ចការទាំងនេះ នឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ទៅនឹងបញ្ហាប្រឈមនានា។

សម្តេចតេជោបានបញ្ជាក់ទៀតថា ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ, កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចជាពិសេស តាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា។

សម្តេចបន្ថែមថា «ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុងតំបន់, ខ្ញុំជឿជាក់ថាលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួន ដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខ, ស្ថិរភាព និងការអភិវឌ្ឍ»

សម្តេចបានលើកឡើងថា សមិទ្ធផល និងការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ សាជាថ្មីពីឆន្ទៈនយោបាយឥតងាករេរបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និង ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន ប្រកបដោយឯកភាព, បរិយាបន្ន និង ភាពធន់ និងដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តអាស៊ាន ក្នុងការពង្រឹងទំនាក់ ទំនងជាមួយដៃគូ ដោយឈរលើគោលការណ៍ទុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពតំបន់ និងសកល៕