(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ទ្រង់មានបន្ទូលថា វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមបង្កឱ្យមានហិង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ តែវានឹងធ្វើឱ្យប្រជាជនបាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសហគមន៍អាស៊ាន។

ព្រះមហាក្សត្រ ទ្រង់មានបន្ទូលថា ក្រោមមូលដ្ឋាន នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ដ៏រឹងមាំ សន្តិភាពដ៏មានតម្លៃរបស់អាស៊ាន បានបង្កើតឱកាសសេដ្ឋកិច្ចសង្គមយ៉ាងធំសម្បើមសម្រាប់ប្រជាជនរបស់យើង។ យើងទាំងអស់គ្នាបានរំដោះប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ។ យើងបានបង្កើតឱកាសការងារយ៉ាងជាក់ស្តែងដល់ស្ត្រី និងបន្តលើកកម្ពស់ការងាររបស់ពួកគាត់បន្ថែមទៀតនាពេលអនាគត។

តាមរយៈព្រះរាជសារទ្រង់មានបន្ទូលថា យើងបានវិនិយោគលើការអប់រំប្រកបដោយគុណភាពសម្រាប់យុវជន។ យើងបានធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់ជរា។ យើងមានភ័ព្វសំណាង ដែលស្ថិតនៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជាកន្លែងទាក់ទាញការវិនិយោគបរទេស ពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងគោលបំណងបង្កើតទ្រព្យសម្បត្តិ និងសម្រេចបាននូវវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជនរបស់យើង។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបានឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។ សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈមជាប្រពៃណី ពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សង្គមរបស់យើង។ ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ១៩ នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ចរបស់យើងក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។

ព្រះមហាក្សត្រ ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា៖ «វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហឹង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងឱ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នានាពេលកន្លងមក»

ព្រះអង្គទ្រង់មានបន្ទូលថា ការកើនឡើងនូវភាពតានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគម្រាមកំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។ ជាការពិតណាស់ យើងនៅតែដាក់ចេញនូវវិធានការដោះស្រាយជារៀងរាល់ថ្ងៃនូវវិបត្តិបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅក្នុងតំបន់។

ព្រះអង្គមានបន្ទូលថា ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វីដែលយើងពុំអាចដោះស្រាយបាននោះទេ យើងអាចដោះស្រាយបញ្ហាទាំងនោះ តាមរយៈការធ្វើការងាររួមគ្នាដោយប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញា គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ចំពោះបញ្ហាទាំងនោះ អាស៊ានមានគោលការណ៍សំខាន់ៗ ដែលខ្លួនមានស្រាប់ក្នុងការដោះស្រាយ ដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មជ្ឈភាពរបស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជនរបស់យើងទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

សូមជម្រាបថា កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា AIPA) លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ផ្តើមរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិក ឆ្នាំ២០២២៕