(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចូលរួមស្ដាប់ និងអនុវត្តតាមការណែនាំផ្សេងៗ ពីកងកម្លាំងមានសមត្ថកិច្ច ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ស្នើសុំសាធារណជនទាំងអស់ ជាពិសេសភូមិសាស្ត្រក្នុងខេត្តសៀមរាប មេត្តាចូលរួមដោយសេចក្តីស្មោះត្រង់អស់ពីដួងចិត្ត ក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ ដូចខាងក្រោម៖

*ទី១៖ ក្នុងពេលកំពុងធ្វើដំណើរតាមដងផ្លូវ សូមមេត្តាប្រុងប្រយ័ត្នកុំឆ្លងកាត់ និងសុំអេបស្តាំ អំលុងពេលដែលក្បូនរបស់គណៈប្រតិភូធ្វើដំណើរមកដល់។
*ទី២៖ សូមកុំរំខានដល់គណៈប្រតិភូ នៅចំណុចទីតាំងអាកាសយានដ្ឋានអន្តរជាតិ, កន្លែងស្នាក់នៅ, កន្លែងប្រជុំ, កន្លែងទស្សនកិច្ច និងទីលានកីឡា...។ល។
*ទី៣៖ បុគ្គលដែលគ្មានភារកិច្ច ឬសមត្ថកិច្ចក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ សូមកុំរំខានកងកម្លាំង ឬមន្ត្រីដែលកំពុងបំពេញភារកិច្ចនេះ។

លោកបានបញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធានគណៈកម្មការអន្តរក្រសួង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារ បរិក្ខារ និងយុទ្ធោបករណ៍ រៀបចំដាក់ចេញផែនការការងារប្រគល់ជូនកម្លាំងគ្រប់ជំនាញតាមតួនាទី ភារកិច្ចនៃក្រសួង ស្ថាប័ន អង្គភាពដែលមានសមត្ថកិច្ចនីមួយៗ ឲ្យមានការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពបទបញ្ជា។

ជាមួយគ្នានោះដែរ គឺយកចិត្តទុកដាក់ការចិញ្ចឹមបីបាច់ ហូបឆ្អែតប្រកបដោយអនាម័យ ការស្នាក់នៅ ការពិនិត្យសុខភាពរបស់កម្លាំងដែលកំពុងប្រតិបត្តិការ។ កិច្ចប្រជុំនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ នៅខេត្តសៀមរាប។ លោកសង្ឃឹមជឿជាក់ទុកចិត្តចំពោះសាធារណជន ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេស ជាពលរដ្ឋល្អ នឹងចូលរួមយ៉ាងសកម្ម ដើម្បីកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា៕