(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា បានបើកដំណើរការជាផ្លូវការហើយ។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅថ្ងៃនេះ ចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។

ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាននៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។

មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។