(កំពង់ចាម)៖ ឧត្តមសេនីយ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈលោកឧកញ៉ា ឡូវ ហ៉ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា និងលោក សេង ហួលាង បានប្រគល់ថវិកាចំនួន ១៦,០០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្រាប់សាងសង់ផ្ទះចំនួន០៥ខ្នង ឱ្យកុមារកំព្រាចាស់ជរា និងគ្រួសារទីទ័លក្រ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ ប្រមាណ៤០០គ្រួសារ នៅក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, លោកឧកញ៉ា ឡូវ ហ៉ឺង បានបញ្ជាក់ថា ការសាងសង់ផ្ទះដល់បងប្អូនក្រីក្រនេះ គឺបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិច្បាស់លាស់ និងមើលឃើញថាពួកគាត់ពិតជាក្រីក្រប្រាកដមែន ហើយការធ្វើនេះនឹងចំណាយថវិកាអស់ចំនួន ១៦,០០០ដុល្លារ។

ឧកញ៉ា ឡូវ ហ៉ឺង ក៏បានលើកឡើងផងដែរថា ក្រៅពីធ្វើផ្ទះជូនដល់បងប្អូនក្រីក្រនៅភូមិខាងលើនេះ ក៏បានផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួសជុលប្រព័ន្ធលួរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកវះកាត់ និងក្រុមគ្រួសារដែលទទួលមរណៈ ព្រមទាំងជំនួយមនុស្សធម៌មួយចំនួនទៀតសម្រាប់ជួយសម្រាលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ ឧកញ៉ា ឡូវ ហ៉ឺង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅឃុំខាងលើនេះផងដែរថា គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ជាក់ស្តែងដូចលទ្ធផលដែលបានបង្ហាញនាពេលនេះ បងប្អូនជួបការលំបាក ដោយគ្មានផ្ទះសម្តែងគឺសម្តេចតេជោ តាមរយៈលោកឧកញ៉ាផ្ទាល់តែម្តង គឺបានធ្វើ ជូនដល់បងប្អូនភ្លាមៗ។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំទងត្រឡាចនេះដែរ លោកឧកញ៉ ឡូវ ហ៉ឺង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតផង ដែរ ដើម្បីឈានទៅធ្វើការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំប្រព្រឹត្តអំពើល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាហេតុនាំឱ្យខូចសណ្តាប់ធ្នាប់សង្គម ដូចជាការលែងល្បែងស៊ីសង និងប្រើប្រាស់គ្រៀងញៀនជាដើម ដែលទង្វើនេះគឺសុទ្ធតែសង្គមស្អប់ខ្ពើមនោះ។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៉ឺង ក៏បានណែនាំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

ឧកញ៉ា ឡូវ ហ៉ឺង បានផ្តល់ថវិកាចំនួន ១៦,០០០ពាន់ដុល្លា ជាអំណោយឧត្តមសេនីយ ហ៊ុន ម៉ាណែត សម្រាប់សាងសង់ផ្ទះចំនួន០៥ខ្នងផ្តល់ឱ្យកុមារកំព្រាចាស់ជរា និងគ្រួសារទីទ័លក្រ និងបានឧបត្ថម្ភថវិកាសម្រាប់ជួសជុលប្រព័ន្ធលួរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកព្យបាលវះកាត់ ក្រុមគ្រួសារដែលបានទទួលមរណៈភាព ឧបត្ថម្ភកៅអីរទេះពិការចំនួន ០២គ្រឿង ឧបត្ថម្ភ ក្មេងៗ ចៅៗ និងប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ ៤០០គ្រួសារ ទទួលបានទឹកត្រី០១ដប និងថវិកាមួយចំនួន ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ ឧបត្ថម្ភកម្មវិធីសរុបការចំណាយទាំងអស់ ១៦,០០០ដុល្លារ និងថវិកាចំនួន ១០លានរៀល៕