(កង់បេរ៉ា)៖ អូស្រ្តាលី កាលពីថ្ងៃអាទិត្យ ​ទី២០ ខែវិច្ឆិកានេះបានប្រកាសតែងតាំងលោក Justin Whyatt ជាឯក​អគ្គរាជទូតថ្មីរបស់ខ្លួនប្រចាំប្រទេសកម្ពុជា។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានមួយ នៅលើគេហទំព័រក្រសួងការបរទេសអូស្ត្រាលី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំសូមប្រកាសតែងតាំងលោក Justin Whyatt​ ជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា»។ លោកស្រីបន្ថែមទៀតថា កម្ពុជាគឺជាដៃគូដ៏សំខាន់នៅក្នុងតំបន់សម្រាប់អូស្រ្ដាលី និងជាសមាជិកដ៏ មានតម្លៃរបស់អាស៊ាន។ ឆ្នាំនេះគឺជាខួប៧០ឆ្នាំ​នៃទំនាក់ទំនងការទូតរវាងប្រទេសរបស់ពួកយើងទាំង២។ ទំនាក់ទំនងរបស់ពួកយើងឈរនៅលើមូលដ្ឋាននៃ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជន និងប្រជាជន ការអប់រំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើបញ្ហាជាយុទ្ធសាស្ត្រសំខាន់ៗក្នុងនោះរួមមានឧក្រិដ្ឋកម្មឆ្លងដែន និងការងើបឡើងពីកូវីដ១៩។

លោក Whyatt​ ធ្លាប់ជាមន្ត្រីការិយាល័យជាន់ខ្ពស់ម្នាក់ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី និងជាជំនួយការរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងដែនសមុទ្រក្នុងតំបន់ ហើយលោកក៏ធ្លាប់បំពេញការងារនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងភ្នំពេញផងដែរ។ លោកស្រី ក៏បានសម្ដែង ការអរគុណចំពោះឯកអគ្គរាជទូតផុតអាណត្តិ លោក Pablo Kang សម្រាប់ការចូលរួមចំណែកជ្រោមជ្រែងផលប្រយោជន៍របស់អូស្ត្រាលី នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៩មក៕