(ភ្នំពេញ)៖ តំណាងសភាឥណ្ឌូនេស៊ី បានស្នើឱ្យមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ហៅកាត់ថា AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជួយជំរុញការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសនេះបានវិលទៅរកស្ថានភាពដើមវិញ។

ថ្លែងក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃុន ចាន់ដារ៉ា អ្នកនាំពាក្យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកឡើងថា ក្រៅពីរបៀបវារៈដែលបានគ្រោងទុក អាយប៉ាលើកទី៤៣នេះ ក៏មានរបៀបវារៈថ្មីបន្ទាន់មួយទៀតស្នើដោយសភាឥណ្ឌូនេស៊ី ពាក់ព័ន្ធទៅនឹងការជួយបន្តជំរុញដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោក ឃុន ចាន់ដារ៉ា បានបញ្ជាក់ថា តំណាងសភាឥណ្ឌូនេស៊ី មានបំណងធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានដាក់ចេញកន្លងមកនេះ ត្រូវបានអនុវត្តសម្រេចបាននូវលទ្ធផល និងផ្លែផ្កា។

ជាមួយគ្នានេះដែរ លោកបានបន្តថា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងគណៈកម្មការប្រតិបត្តិរួចទៅឃើញថា វាពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងរបស់អាយប៉ា ក៏ដូចជានីតិវិធីក្នុងការរៀបចំដូច្នេះហើយរបៀបវារៈបន្ទាន់នេះបានសម្រេចថា យកទៅជជែកគ្នានៅក្នុងគណៈកម្មាធិការនយោបាយរបស់មហាសន្និបាតអាយប៉ា នៅថ្ងៃទី២២ ខែវិច្ឆិកា។

លោក ឃុន ចាន់ដារ៉ា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីរបៀបវារៈដែលបានគ្រោងទុកនោះក៏មានការលើករបៀបបន្ទាន់តំណាងសភាឥណ្ឌូនេស៉ី ពាក់ព័ន្ធទៅលើកសេចក្តីសម្រេចលើការជំរុញបន្ថែមទៀតលើការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដែលសភាឥណ្ឌូនេស៉ី ធ្វើយ៉ាងណាក្រមប្រតិបត្តិទាំង៥ចំណុចរបស់អាស៊ាន សម្រេចឱ្យបានជាលទ្ធផលផ្លែផ្កា»

គួររម្លឹកថា កន្លងមកនេះប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍តម្រូវឱ្យប្រទេសមីយ៉ាន់ម៉ាត្រូវគោរពគោលការណ៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឱ្យដល់កម្រិតខ្ពស់បំផុត
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA របស់អាស៊ាន
និងទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ទោះជាយ៉ាងណាក្តី កាលពីពេលថ្មីនេះ មានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ាវិញហើយ ដែលការវិវត្តន៍នេះត្រូវបានស្វាគមន៍ និងគាំទ្រពីប្រធានអាស៊ាន ដែលនេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននិងការវិវត្តន៍ជាវិជ្ជមានស្របតាមស្មារតីនិងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា បញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមបន្ទាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ពេលដែលយោធារបស់ប្រទេសនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី Aung Sann Suu Kyi។ មនុស្សប្រហែល១,៤០០នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ហើយប្រហែល១ម៉ឺន ១ពាន់នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុង រយៈពេល១១ខែចុងក្រោយនេះ៕