(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្តើមមហាសន្និបាតអាយប៉ាលើកទី៤៣ គណៈកម្មាធិការប្រតិបត្តិអាយប៉ា បានអនុម័តបញ្ចូលសភានៃប្រទេសចំនួន៣ ជាសមាជិកសង្កេតការណ៍រួមមាន៖ សភានៃប្រទេសនេប៉ាល់ សភានៃប្រទេសអាហ្សែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក។

ការអនុម័តបញ្ចូលសភានៃប្រទេសចំនួន៣នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ហៅកាត់ថា (AIPA43) ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសជ្រើសតាំងលោក Chuan LEEKPAI ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ ហើយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានធ្វើការពិភាក្សានិងអនុម័តលើកម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ មានដូចជា៖

ទី១៖ កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣
ទី២៖ របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការទាំង៦ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលរួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍ កិច្ចប្រជុំរវាងប្រតិភូអាយប៉ានិងអគ្គលេខាធិការអាស៊ាន កិច្ចប្រជុំគណៈកម្មាធិការបូកសរុប។
និងទី៣៖ ការសម្រេចអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៤។

សមាសភាពគណៈប្រតិភូអាយប៉ាចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនាពេលនេះ រួមមានលោក Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភាប្រ៊ុយណេដារូស្សាឡឹម, លោកបណ្ឌិត Fadli Zon ប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក Putu Supadma Rudana សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរសភាឥណ្ឌូនេស៊ី, លោកបណ្ឌិត Xaysomphone PHOMVIHANE ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Raymond Democrito Cañete Mendoza ប្រធានសភាហ្វីលីពីន, លោក TAN Chuan-Ji ប្រធានរដ្ឋសភាសិង្ហបុរី, លោក Chuan LEEKPAI ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ, លោក VUONG DINH HUE ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រតិភូកម្ពុជាដឹកនាំដោយកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ( AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព ប្រកដោយចីរភាព។

សមាជិករបស់ AIPA រួមមាន៖ ប្រទេសប្រ៊ុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម៕