(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសមាគមគណនេយ្យករកម្ពុជា និងក្រុមហ៊ុន FWD Insurance ដើម្បីរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី ការចែករំលែកបទពិសោធន៍ និងតម្រង់ទិសដៅការងារ។

កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពី ទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍តំណាងលោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង, លោក នូ រតនា នាយកសមាគមគណនេយ្យករកម្ពុជា, លោកស្រី ថៃ សុច័ន្ទណា នាយិកានាយកដ្ឋានហិរញ្ញវត្ថុ FWD Cambodia សហការី ACCA ព្រមទាំងបុគ្គលិកអប់រំ និងនិស្សិតជំនាញគណនេយ្យ នៃសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន ១២៥នាក់។

កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱ្យនិស្សិតនូវព័ត៌មានសំខាន់ៗ សម្រាប់អាជីពគណនេយ្យរបស់ពួកគេ ដូចជាការបំផុសគំនិត ការប្រឹក្សាយោបល់អំពីការសិក្សាជំនាញគណនេយ្យកម្រិតស្តង់ដារអន្តរជាតិ ឱកាសការងា រនិងការផ្តល់នូវបណ្តាញ ដែលមានអត្ថប្រយោជន៍ក្នុងអំឡុងពេល ដែលនិស្សិតក្លាយខ្លួនជាគណនេយ្យករផងដែរ។

អង្គពិធីមានវាគ្មិនកិត្តិយសចំនួន៣រូប ដែលបានមកចូលរួមចែករំលែកបទបង្ហាញទាក់ទង នឹងការចែករំលែកបទពិសោធន៍ ដំណេះដឹងវិជ្ជាជីវក្នុងវិស័យជំនាញគណនេយ្យ និងតម្រង់ទិសដៅការងារដល់និស្សិត ដែលកំពុងសិក្សា និងត្រៀមខ្លួនប្រើប្រាស់សមត្ថភាពចំណេះដឹង ក្នុងការអនុវត្តការងារក្នុងជំនាញគណនេយ្យ បន្ទាប់ពីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ។

វាគ្មិនកិត្តិយសទាំង ៣រូប ដែលមានដូចជា ទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, លោក នូ រតនា នាយកសមាគមគណនេយ្យករកម្ពុជា, លោកស្រី ថៃ សុច័ន្ទណា នាយិកានាយកដ្ឋានហិរញ្ញវត្ថុ FWD Cambodia។

គួរបញ្ជាក់ផងដែលថា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការសហការជាមួយ សមាគមគណនេយ្យករកម្ពុជា (ACCA) ក្នុងការរៀបចំកម្មវិធីសិក្សាជំនាញគណនេយ្យដែលមានស្តង់ដារកម្រិតអន្តរជាតិ និងគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខាងមុខនេះផងដែល មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង តែងតែយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងគុណភាពអប់រំ ក្នុងកម្រិតឧត្តមសិក្សា សម្រាប់និស្សិតគ្រប់ជំនាញ ដើម្បីផ្ដល់ឱ្យនិស្សិតនូវចំណេះដឹងពិតប្រាកដ ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕