(ភ្នំពេញ)៖ កុមារី ដន គ្រីស្ទីនរ៉ូសាណា ដែលម្តាយបីរត់រកការជួយសង្គ្រោះជីវិតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ពេលនេះសុខភាពកាន់តែល្អប្រសើរ បន្ទាប់ពីទទួលបានការព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។ ពេលនេះកុមារី គ្រីស្ទីនរ៉ូសាណា ចេញពីមន្ទីរពេទ្យទៅផ្ទះរបស់ខ្លួន ហើយអាចអង្គុយលើករទេះលេងបាន មិនសន្លប់ស្តូកស្តឹងដូចមុនទៀតនោះឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ក្នុងពីធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង អ្នកស្រី នួន និរតី បានបីកុមារី ដន គ្រីស្ទីនរ៉ូសាណា ជាកូនស្វែងរកការជួយសង្គ្រោះជីវិតពីសម្តេចតេជោ។ សម្តេចតេជោ ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ មើលការខុសត្រូវលើការព្យាបាលនេះ។ ពេលនោះសម្តេចតេជោ បានផ្តល់ថវិកា ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។

បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ចែងបញ្ជូនកុមារីរូបនេះ មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោមកិច្ចប្រឹងប្រែងព្យាបាលរបស់គ្រូពេទ្យ សុខភាពរបស់កុមារី គ្រីស្ទីនរ៉ូសាណា បានល្អប្រសើរជាលំដាប់។ លុះដល់ថ្ងៃទី២៦ ខែតុលា កុមារីដែលត្រូវបានសង្គ្រោះឱ្យមានជីវិតរស់រៀនមានជីវិតជាថ្មីនេះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ស្ថិតនៅជិតគេហដ្ឋានរបស់ខ្លួន។

បន្ទាប់ពីការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឯកទេសផ្នែកកុមារនោះ សុខភាពរបស់កុមារី គ្រីស្ទីនរ៉ូសាណា កាន់តែល្អប្រសើរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។

លោកស្រី យក់ សម្បត្តិ បានប្រាប់ Fresh News នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា «គ្រូពេទ្យជំនាញៗ ព្រមទាំងគ្រូពេទ្យបរទេសផង បានជួយព្យាបាលសាណា ឱ្យធូរច្រើនមែនទែន។ ឥឡូវនេះគាត់អាចអង្គុយលើរទេះដោយខ្លួនឯង។ សភាពជំងឺរបស់សាណា បានធូរច្រើនមែនទែន»។

បើទោះបីអនុញ្ញាតឱ្យចេញទៅផ្ទះយ៉ាងណាក្តី តែក្រុមគ្រូពេទ្យនៅតែបន្តទាក់ទងជាមួយអាណាព្យាបាលពិនិត្យស្ថានភាពជំងឺ និងបន្តព្យាបាលជូនកុមារី សាណា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី យក់ សម្បត្តិ។

កុមារី សាណា ធ្លាប់បានកើតជំងឺរលាកស្រោមខួរ និងខួរក្បាលពេលមានអាយុមួយខួបកន្លះ បង្កើតឱ្យមានផលវិបាក និងមានស្ថានភាពធ្ងន់ធ្ងរ។ ព្រោះតែស្ថានភាពជំងឺនេះ ធ្វើឱ្យកុមារី ដន គ្រីស្ទីនរ៉ូសាណា រស់នៅឱបជំងឺក្នុងស្ថានភាពឈឺចាប់បែបមនុស្សរុក្ខជាតិអស់ជាច្រើនឆ្នាំមកហើយ។ អាណាព្យាបាល ត្រូវរស់ក្នុងភាពអស់សង្ឃឹម ពោរពេញដោយទម្ងន់ទុក្ខ និងក្តីក្រៀមក្រំសង្វេគចិត្តអាណិតកូនស្រី។

ការជួយជ្រោមជ្រែងសង្គ្រោះឱ្យកុមារី គ្រីស្ទីនរ៉ូសាណា មានសុខភាពល្អប្រសើរឡើងវិញនេះ បាននាំមកនូវក្តីសង្ឃឹម និងក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមបាននោះឡើយ សម្រាប់អាណាព្យាបាលដែលពោរពេញដោយមនោសញ្ចេតនា និងការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកូននោះ។

គុណសង្គ្រោះជីវិត គឺជាគុណដែលធំមហិមាគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ជាមួយក្តីរំជើបរំជួលដួងចិត្តទប់ទឹកភ្នែកមិនជាប់ អ្នកស្រី នួន និរតី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីសណ្តោសប្រណីប្រៀបដូចឥសីប្រោសព្រំផ្តល់ដង្ហើមជីវិតជាថ្មីជូនកូនស្រីរបស់ខ្លួន។ អ្នកស្រី នួន និរតី បានបញ្ជាក់ថា គុណបំណាច់មហាធំធេងរបស់សម្តេចតេជោ នឹងធ្វើឱ្យអ្នកស្រី និងក្រុមគ្រួសារចងចាំគ្មានថ្លៃបំភ្លេចឡើយ។

តាមរយៈលោកស្រី យក់ សម្បត្តិ, អ្នកស្រី នួន និរតី បានផ្ញើនូវក្តីគោរពអរគុណសម្តេចតេជោយ៉ាងដូច្នេះ «ខ្ញុំសូមផ្ញើក្តីនឹករលឹក និងការគោរពដឹងគុណសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ និងជួយសង្គ្រោះកូនរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំឱ្យមានសង្ឃឹមឡើងវិញ។ ខ្ញុំសូមលើកដៃបួងដល់ទេវតា សក្កទេវរាជ សូមថែរក្សាសម្តេចពុក សម្តេចម៉ែ និងក្រុមគ្រួសារ មានសុខភាពល្អ ដើម្បីថែរក្សាម្លប់សន្តិភាពតរៀងទៅ»