(ភ្នំពេញ)៖ កាលពីសម័យបុរាណ ជនជាតិខ្មែរជាជាតិសាសន៍មួយមានអរិយធម៌ខ្ពង់ខ្ពស់ឧដ្ដុង្គឧត្ដម និងមានទំហំទឹកដីធំធេងលាតសន្ធឹងពេញប្រទេសជិតខាងយើងបច្ចុប្បន្ននេះ។ ក្នុងនោះបុព្វបុរសខ្មែរ បានកសាងប្រាសាទពាសពេញផែនដី ដោយបានចារជាសិលាចារឹក ហៅថា «អក្សរថ្ម» បន្សស់ទុកជាស្នាដៃដ៏រុងរឿង រហូតដល់សព្វថ្ងៃ។

តើសិលាចារឹកខ្មែរ ចែកជាកាលប្រវត្ដិអ្វីខ្លះ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើពោលអំពីសិលាចារឹក ឬហៅថា «អក្សរថ្ម» ដែលជាកេរ្ដិ៍ដំណែលបុព្វបុរសខ្មែរនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ដើម្បីបញ្ជាក់ប្រវត្ដិអត្ដសញ្ញាណជាតិសាសន៍ខ្មែរ ឬជាតិសាសន៍នានាលើពិភពលោក។ ដូចនេះចំពោះសិលាចារឹកខ្មែរ ដែលធ្វើឲ្យអ្នកប្រវត្ដិសិល្ប: ពេញពិភពលោក មានការកោតស្ញប់ស្ញែង ហើយនាំគ្នាមកធ្វើការសិក្សាស្រាវជ្រាវ តំាងពីសម័យអាណានិគមបារាំង រៀងមកនេះ គឺជាប្រភេទសំណេរមួយ ក្នុងចំណោមប្រភេទសំណេរផ្សេងៗនៃភាសាខ្មែរបុរាណ។

បានន័យថាសំណេរសិលាចារឹកនេះ គឺត្រូវបានអ្នកប្រាជ្ញខាងបុរាណវិទ្យា ឬខាងប្រវត្ដិសាស្រ្ដ បានចែកជាសម័យកាលស្របគ្នាទៅនឹងប្រវត្ដិសាស្រ្ដដែរ គឺមានជាអាទិ៍៖
* សម័យបុរាណគឺសម័យមុនអង្គរពីស.វ.ទី៦-ស.វ.ទី៩ និងសម័យអង្គរពីស.វ.ទី៩-ស.វ.ទី១៤
* សម័យកណ្ដាលពីស.វ.ទី១៤-ស.វ.ទី១៩
* សម័យថ្មីពីស.វ.ទី១៩-បច្ចុប្បន្ន។

ហេតុនេះសិលាចារឹកជាប្រភេទសំណេរបុរាណ គឺជាឯកសារតែមួយគត់ ដែលបានមកដល់ដៃយើងសព្វថ្ងៃ។ ព្រោះក្រៅពីនេះពុំមានសេសសល់អ្វីទ្បើយ ដោយសារការកត់ត្រាធ្វើទ្បើយនៅលើវត្ថុធាតុដែលពុំមានអាយុកាលវែងដូចថ្ម។

លោក រត្ន័ សណ្តាប់ បន្ដថាស្ថិតក្នុងន័យនេះដែរ បើពោលអំពីប្រវត្ដិសិលាចារឹកខ្មែរ ដែលមានការបរិច្ឆេទចាស់ជាងគេ គឺចារនៅគ.ស.៦១១ K.600។ ទន្ទឹមនឹងនេះ ក៏មានសិលាជាច្រើនទៀត ជាភាសាសំស្រ្ដឹ្ដតផងដែរ ទោះបីគេជឿថាសិលាចារឹកខ្លះ មានអាយុកាលចាស់ជាងគ.ស.៦១១នេះទៀតក៏ដោយ។ ក្នុងនោះ ដូចជាសិលាចារឹកវត្ដហ្លួងកាវ ប្រាសាទវត្ដភូ ប្រទេសលាវ K.365 ស.វ.ទី៥។ នេះពុំរាប់សិលាចារឹកសំស្រ្ដឹតតំបន់វ៉ូកាញ់ Vo-Canh(វៀតណាមបច្ចុប្បន្ន) ដែលអាចចាស់ជាងនោះទៅទៀត ដោយអ្នកប្រាជ្ញខ្លះយល់ថាចារនៅស.វ.ទី៥ ខ្លះទៀតជឿថាចាស់ ជាងនេះ ស.វ.ទី៣ជាដើម។ ប៉ុន្ដែសិលាចារឹកអស់ទាំងនោះ ពុំមានកាលបរិច្ឆេទនោះទេ។
ដូច្នេះហើយបានគេកំណត់ថាសិលាចារឹកភាសាខ្មែរ ដែលចាស់ជាងគេគឺនៅស.វ.ទី៦នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលអំពីន័យទូទៅ ពាក្យថា «ខ្មែរបុរាណ» គឺជាការសន្មត់ក្នុងកាលប្រវត្ដិនេះឯង ពោលគឺទាក់ទងនឹងសម័យបុរាណ ដែលគ្របដណ្ដប់មុនសម័យអង្គរ។ បើពោលសង្ខេបខ្លី នៅសម័យបុរាណសិលាចារឹកមានពីរភាសា គឺខ្មែរ និងសំស្រ្ដឹត រហូតដល់ស.វ.ទី១៤ទើបឃើញមានភាសាបាលីលេចចេញទ្បើង។ ពាក្យថាភាសាសំស្រ្ដឹត ប្រែថា«ឥតខ្ចោះ» ព្រោះជាភាសាទេព។ ម្យ៉ាងទៀតចំពោះភាសាសំស្រ្ដឹតនេះទៀតសោត ត្រូវបានអ្នកប្រាជ្ញនានា រាប់បញ្ចូលទាំងអ្នកប្រាជ្ញឥណ្ឌាផង យល់ស្របគ្នាថាកាព្យសំស្រ្ដឹតដែលពិរោះជាងគេលើពិភពលោក មិនមែននៅឥណ្ឌា ឬកោះជ្វា ឬនៅទីណាផ្សេងទ្បើយ គឺនៅកម្ពុជាយើងតែម្ដង។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ក៏បានរំឭក និងសូមគោរពចំពោះវិញ្ញាណក្ខន្ធអ្នកប្រាជ្ញ ដែលបានចំណាយកម្លាំងកាយចិត្ដ សព្វបែបយ៉ាងធ្វើការសិក្សាស្រាវជ្រាវ និងបកស្រាយសិលាចារឹកខ្មែរ។ ក្នុងនោះ គឺមានលោក ហ្សកសឺដែសGeorge Cœdès ដែលបានបូជាខ្លួនតាំងពីបឋមវ័យដើម្បីសិក្សាស្រាវជ្រាវ រហូតទទួលមរណភាពថ្ងៃទី២ ខែតុលា ឆ្នាំ១៩៦៩ នៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងជន្មាយ៨៣ឆ្នាំ , លោក បាថ៌ Auguste Barth , លោក បែរហ្កែញ Abel Bergaigne , លោក អៃម៉ូនីយេ Étienne Aymonier, លោក ល្វី ហ្វីណូត៍ Louis Finot , លោក ព្យែរ ឌូប៉ុងPierre Dupont , លោក Jean Filliozat , លោក Claude Jacques , លោក Gérard Diffloth, លោក អ៊ូ ឈាង Au Chhieng , លោកស្រី ពៅ សាវរស់ Pov Saeros , លោក ទ្បុង សៀម Long Seam ព្រមទាំងអ្នកប្រាជ្ញទាំងទ្បាយដែលពុំបានរៀបរាប់ឈ្មោះ។ សូមឲ្យអ្នកប្រាជ្ញអស់ទាំងនេះ បានស្ថិតនៅឋានបរមសុខ និងសិរីសួស្ដី តរៀងទៅ៕