(កណ្ដាល)៖ ជនដៃម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋ ហើយបណ្ដាលឲ្យដួលម៉ូតូចូលក្រោមរថយន្ដ និងត្រូវរថយន្ដកិនក្មេងស្រីម្នាក់ស្លាប់នោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយទទួលបានបញ្ជាលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ត។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនដៃដល់ម្នាក់ ឈ្មោះ សុខឃឿន សុីផាត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ជនដៃដល់អ្នកធ្វើសកម្មភាពឆក់តែម្ដង)។ ចំណែកអ្នកបេីកម៉ូតូឈ្មោះ ផា សុភ័ណ្ឌ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះក្រៅពីឃាត់ខ្លួនបានជនដៃដល់ កម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូត ម៉ូតូមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AB-6159។ ​បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល របស់នាយកដ្ឋាន បានប្រគល់ជនសង្ស័យជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតកំពុងបន្តធ្វេីការស្រាវជ្រាវ។

សូមរំលឹកថា កាលពីម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ បានបើកបរម៉ូតូឌុបកូនស្រី ឈ្មោះ អារីកា អាយុ៤ឆ្នាំ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភ័ណ្ឌ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ) បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឲ្យដួលម៉ូតូជនរងគ្រោះ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង៕