(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃប្រធានសភានៃកម្ពុជា ប្រធានសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានសភាសាធារណរដ្ឋសង្គមនិយមវៀតណាម (CLV) ស្តីពី «កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម» នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា, លោកបណ្ឌិត សាយសំភូន ភូមវីហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ និងលោក ឌឿង ឌីញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា ប្រធានសភាឡាវ និងប្រធានសភាវៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។

ប្រធានរដ្ឋសភា នៃប្រទេស CLV បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះប្រធានរដ្ឋសភាទាំង៣ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំង៣។

ប្រធានរដ្ឋសភា នៃប្រទេសទាំង៣ បានយល់ព្រមលើកយន្តការដែលមានស្រាប់នៃកិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ទៅជា «កិច្ចប្រជុំកំពូលសភា CLV»។

កិច្ចប្រជុំកំពូលនេះមានគោលបំណងរួមមាន៖

ទី១៖ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេស CLV។
ទី២៖ ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។
និងទី៣៖ កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។ កិច្ចប្រជុំកំពូលលើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀត៕