(ភ្នំពេញ)៖ លោក វី ហ្វេងហេ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន បានបង្ហាញនូវការស្ញប់ស្ញែង និងសាទរជាខ្លាំងចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខការពារជាតិចិន លោក វី ហ្វេងហេ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះនៅក្នុងខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រៅតែជួបថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យការពារជាតិរបស់កម្ពុជាហើយនោះ ប្រមុខការពារជាតិចិន នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារនេះ បានធ្វើប្រកបដោយភាពស្និទ្ធស្នាល ដោយបានពិភាក្សាទៅលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងលើពិភពលោកផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក វី ហ្វេងហេ បានបង្ហាញនូវការស្ញប់ស្ញែង និងវាយវាយតម្លៃខ្ពស់លើការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងដឹកនាំ និងកសាងប្រទេសកម្ពុជា ពីដំណាក់កាលដ៏លំបាក ឆ្ពោះមកកាន់ការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។

ប្រមុខការពារជាតិចិន ក៏បានសម្តែងនូវការសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងជោគជ័យនាពេលថ្មីៗនេះ។

ក្នុងជំនួបនេះ លោក វី ហ្វេងហេ ក៏បានបង្ហាញភាពរីករាយផងដែរ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលកាន់តែល្អប្រសើរ និងប្រឹងប្រែងជម្នះរួមគ្នាលើការលំបាកទាំងឡាយ។ ជាពិសេសកងទ័ព និងកងទ័ព នៃប្រទេសទាំងពីរ កំពុងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាន់តែល្អ ដើម្បីពង្រឹងខឿនការពារជាតិរបស់ខ្លួន។

ប្រមុខការពារជាតិចិន ក៏បានជម្រាបសម្តេចតេជោផងដែរថា ចិន នឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅកម្ពុជា ស្របតាមបំណងប្រាថ្នាដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រមុខការពារជាតិចិន ដែលបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករៀបចំដោយកម្ពុជានាពេលនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋមន្ត្រីការពារជាតិ ចំពោះការវាយតម្លៃលើភាពរីកចម្រើនរបស់កម្ពុជា និងភាពជោគជ័យលើកិច្ចប្រជុំកំពូលអាស៊ាន និងពាក់ព័ន្ធនៅកម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា។ ជំនួយរបស់ចិន គឺជាការជួយជ្រោមជ្រែងយ៉ាងសំខាន់សម្រាប់ការរីកចម្រើននៅកម្ពុជា៕