(ពោធិ៍សាត់)៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់អគារសម្រាកព្យាបាលជំងឺមួយខ្នង និងបន្ទប់ទឹកមួយខ្នង សម្រាប់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អគារសម្រាកព្យាបាលនេះ នឹងក្លាយទៅជាចំណែកដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាល និងគាំពារសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីជបនបទ។

អគារសម្រាកព្យាបាលជំងឺនេះមានទំហំ ២១ម៉ែត្រ គុណនឹង ១៥.៥ម៉ែត្រ ស្មើនឹង ៩បន្ទប់។ ក្នុងនោះមានបន្ទប់សម្រាកព្យាបាលជំងឺ៨បន្ទប់ ដែលអាចដាក់គ្រែបាន ២៤គ្រែ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យ ១បន្ទប់ និងបន្ទប់រង់ចាំ ១បន្ទប់ ព្រមទាំងបន្ទប់ទឹក ១ខ្នង ស្មើនឹង ៦បន្ទប់ ដែលគ្រោងនឹងចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារអាមេរិក។

មុននឹងចាប់ផ្ដើមដំណើរការនៃការសាងសង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានចាត់តាំងក្រុមការងារជំនាញ ប្រចាំទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ដឹកនាំដោយលោក ឃៀង សុជីវ័ន្ត ចុះត្រួតពិនិត្យមើលទីតាំងសាងសង់។ ដំណើរចុះត្រួតពិនិត្យមើលទីតាំងសាងសង់នេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូពេទ្យជាច្រើនរូបផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង ដែលបានផ្តល់អគារពិនិត្យ និងព្យាបាលជំងឺមួយខ្នងនេះ។ លោកប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់ថា អគារពិនិត្យ និងព្យាបាលជំងឺមួយខ្នងនេះ បានឆ្លើយតបជាចាំបាច់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ដាច់ស្រយាល។

សូមបញ្ជាក់ផងដែរថា ដោយសារមណ្ឌលសុខភាពនេះ ស្ថិតនៅជិតព្រំដែនថ្មដាជាប់ប្រទេសថៃ មានចំងាយឆ្ងាយពីទីប្រជុំជន ដូច្នេះមណ្ឌលសុខភាពនេះ អាចនឹងត្រូវបានប្រែក្លាយជាមន្ទីរពេទ្យបង្អែក នាថ្ងៃខាងមុខផងដែរ៕