(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានសហការចូលរួមបំផុសស្មារតីយ៉ាងផុលផុស ឲ្យប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាពល្អ និងរួមគ្នាការពារសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែង រដ្ឋលេខាធិការដ្ឋាអាកាសចរណ៍ស៉ីវិល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកួតបាល់ទាត់មិត្តភាពជាមួយ ក្រុមហ៊ុនសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា (CATS) ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាចរណ៍ស៉ីវិល និងលោក Theeraphat Kulkijkamjorn នាយកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា (CATS) ។

លោក ពៅ ប៉ូលីណែល រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីអំពើពាលាផ្សេងៗ។ លោកបានថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែបានជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ព្រោះការលេងកីឡានាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកបន្តថា នៅពេលមនុស្សមានសុខភាពល្អ ក៏ជោគជ័យក្នុងជីវិតផងដែរ តាមរយៈការប្រតិបត្តិការងារ និងគ្រួសារ។ ផ្តើមចេញពីការប្រកួតនេះ លោកអះអាងថា នឹងមានការប្រកួតជាបន្តបន្ទាប់ទៀត ជាមួយបណ្តាក្រសួង/ស្ថាប័ននានា មិនថារដ្ឋឬឯកជនទេ ដើម្បីបំផុសស្មារតីឲ្យចូលរួមលេងកីឡា ក្នុងការបង្ហាញថា កម្ពុជាកំពុងសប្បាយរីករាយពីផ្លែផ្កានៃសន្តិភាព។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាគំរូមួយ ដែលផ្ញើសារដល់ប្រជាជនលេងកីឡា និងចៀសឆ្ងាយការប្រព្រឹត្តអំពើពាលាផ្សេងៗ ដែលខុសច្បាប់នោះទេ។ ក្នុងនាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងក្រុមហ៊ុន CATS សូមអរគុណដល់អ្នករៀបចំកម្មវិធី ដែលធ្វើឲ្យសកម្មភាពមួយនេះប្រព្រឹត្តទៅដោយរលូន»

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្ថែមថា ការចូលរួមកីឡាថ្ងៃនេះ ក៏ជាការបំផុសស្មារតីមួយកម្រិតទៀត ឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា និងជាការរួមចំណែកអបអរសាទរ និងដាស់តឿនថា កម្ពុជាយើងជាម្ចាស់ផ្ទះរៀបចំស៉ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ លោកសូមអរគុណចំពោះសន្តិភាព ហើយថ្លែងបន្តថា ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបមានឱកាសបង្កលក្ខណៈល្អ ឲ្យបានមកជួបជុំលេងកីឡាបានដូចថ្ងៃនេះ។ លោកបន្ថែមថា សន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន បើគ្មានអកស៉ីសែន មិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។

លោក ពៅ ប៉ូលីណែល ថ្លែងទៀតថា ការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យទាំងអស់នេះ គឺបានកើតចេញពីសន្តិភាព ហើយប្រជាជនពិតជាមានសំណាងយ៉ាងក្រៃលែង ដែលមានមេដឹកនាំប្រកបដោយគុណធម៌ ជាពិសេសបានដឹកនាំនាវាកម្ពុជារួចផុតពីភ្លើងសង្គ្រាម ដោយនាំមកនូវសុខសន្តិភាពពេញលេញ ដូច្នេះយុវជនត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះប្រទេសជាតិមានសុខសន្តិភាព គឺបានផ្តល់នូវការងារជូនប្រជាពលរដ្ឋគ្រប់ផ្នែក គ្រប់វិស័យ និងមានការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ៕