(អ័រឡាន់ដូ)៖ អាជ្ញាធរអាមេរិកបានព្រមានប្រជាជនទូទៅរបស់ខ្លួន មិនឲ្យមានការរើសអើង ឬក៏រុកគួន ជនជាតិម៉ូស្លីម តទៅទៀតនោះទេ ព្រោះការវាយប្រហារនៅទីក្រុង អ័រឡាន់ដូ (Orlando) រដ្ឋផ្លូរីដា កាលពីចុងសប្តាហ៍មុននេះ ជាមេរៀនដ៏ជូរចត់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលយើងមិនត្រូវឲ្យកើតឡើង ម្តងទៀតទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសអាមេរិក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅចូលរួមសហការ ជាមួយនឹងសមត្ថកិច្ចផងដែរ ដើម្បីស៊ើបអង្កេតលើករណីនៃការបាញ់ប្រហារក្លឹបមនុស្សស្រឡាញ់ភេទដូចគ្នា Pulse នៅទីក្រុង អ័រឡាន់ដូ កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្ស ៤៩នាក់ស្លាប់ និង ៥៣នាក់របួស ព្រមទាំងខ្មាន់កាំភ្លើងឈ្មោះ Omar Mateen បានស្លាប់នៅក្នុងប្រយុទ្ធគ្នាជាមួយប៉ូលិស។

រហូតមកដល់ពេលនេះ ប៉ូលិសនៅមិនទាន់ដឹងពីចេតនាពិតប្រាកដ ថាការវាយប្រហារត្រូវបានគេបញ្ជា ពីក្រៅប្រទេស ឬក៏ជនបង្ករូបនេះ មានបញ្ហាផ្នែកសតិអារម្មណ៍នោះនៅឡើយទេ។ បច្ចុប្បន្នប៉ូលិស កំពុងតែធ្វើការសាកសួរភរិយារបស់ Omar Mateen គឺនាង Noor Zahi Salman ដើម្បីស្វែងយល់ ពីតំរុយមួយចំនួន ហើយប្រសិនបើគេរកឃើញថា នាងបានដឹងរឿងតែមិនរាយការណ៍មកសមត្ថកិច្ច នោះនាងនឹងត្រូវទទួលទោសផងដែរ៕