(ពោធីសាត់)៖ តំបន់បណ្តុំព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលស្ថិតក្នុងចំណុចកាច់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាននឹងកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ គ្រប់មជ្ឈដ្ឋាន ឱ្យចូលមកទស្សនាកម្សាន្ត ទាំងថ្ងៃសម្រាកចុងសប្តាហ៍ និងទាំងថ្ងៃបុណ្យជាតិម្តងម្កាល ជាមួយនឹងអាយុកាលជាង៣ឆ្នាំ។

ទីតាំងខាងលើនេះ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ធ្វើការសិក្សាជាច្រើនលើកច្រើនសារ ពោលគឺក្នុងអំឡុងឆ្នាំ២០១៩ រហូតឈានដល់ការឆាប់ផ្តើមសាងសង់ ដើម្បីកែប្រែតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ទៅថ្ងៃអនាគត។ គិតមកដល់ថ្ងៃនេះ តំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស» បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស អមដោយទេសភាពស្រស់ត្រកាលគួរគយគន់ មានផ្ទាំងថ្មចម្លាក់តូចធំ ញ៉ាំងឱ្យទេសចរមកលេងម្តងហើយ នឹកចង់មកលេងម្តងទៀត។

លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានពិសេសមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃ និងដើម្បីឱ្យប្រជាពលរដ្ឋ បានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមាននៅតំបន់នេះ។

លោកបានបន្តថា រមណីយដ្ឋាននេះក៏ជារមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើងដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថា បានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូច។

ស្ថាបនិករមណីយដ្ឋានភ្នំនាគស បានបន្ថែមថា ក្នុងរយៈពេលជាង០៣ឆ្នាំមកនេះ លោកបានចំណាយថវិកាកសាងជិត៣លានដុល្លារ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកផង និងជាការចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទៅលើសមិទ្ធផលរួមមាន៖ ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាកសត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត និងប៉មទស្សនារូបភាព ៣៦០ដឺក្រេ ដែលមានកម្ពស់៥ជាន់។

លោកបានបន្ថែមទៀតថា នាពេលឆាប់ៗខាងមុខ មានគម្រោងសាងសង់ ផ្ទះបូរាណខ្មែរ ផ្ទះជនជាតិដើម ស្ពានអាកាស និងព្រះពុទ្ធរូបនៅលើកំពូលភ្នំ ដែលមានភ្នែនប្រវែង១២ម៉ែត្រ បូករួមទាំងចេតិយ ដែលមើលពីចម្ងាយ ហាក់បីដូចជាទីក្រុងមួយ ផុសនៅចំកណ្តាលទ្រូងព្រៃ។ ទាំងនេះកើតមានទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យនៅគង់វង្សជារៀងរហូត។

លោកនឹងខិតខំកសាងរមណីយដ្ឋានភ្នំនាគសនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបានជាកន្លែងលេងកំសាន្តដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរ មកពីទីជិតឆ្ងាយ។ ហើយលោករំពឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូល២០២៣ខាងមុខ ភ្ញៀវទេសចរ នឹងមកលេងកម្សាន្តច្រើនកុះករ ជាមួយនឹងការបាញ់កាំជ្រូច និងបង្ហោះគោមផងដែរ៕