(សៀមរាប)៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានដោយជោគជ័យ ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០២១មក គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចសន្ទនាមួយទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយសហការជាមួយក្រសួងការបរទេសឥណ្ឌូណេស៊ី។

ការរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំនេះ គឺស្របនឹងការប្រារព្ធកម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១២។

កិច្ចសន្ទនានេះមានការចូលរួមពីរដ្ឋសមាជិកអាស៊ានទាំង១០ និងស្ថាប័នជាតិសិទ្ធិមនុស្សមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្តល់ជាវេទិកាថ្នាក់តំបន់មួយ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចែករំលែកនូវឧត្តមានុវត្តន៍ និងបទពិសោធន៍ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកនីមួយៗ។

នៅក្នុងសុន្ទរកថា របស់លោក Sidharto Reza Suryodipuro អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន និងជាប្រធាននៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន នៃក្រសួងការបរទេសសាធារណៈរដ្ឋឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ថា៖ «សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានកាន់តែមានសារៈសំខាន់ជាងពេលមុន ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលតំបន់អាស៊ានកំពុងប្រឈម ដូចជាវិបត្តិភាពលំបាកផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃជំងឺរាតត្បាត វិបត្តិស្បៀងអាហារ និងថាមពល និងការផ្លាស់ប្តូរទិដ្ឋភាពនយោបាយក្នុងស្រុក និងក្នុងតំបន់»

សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដោយស្មោះត្រង់ តំណាងរងកម្ពុជា និងជាប្រធានអាយឆា លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា «អាយឆា អាចកសាងទំនុកចិត្តទៅវិញទៅមក និងចែករំលែកបទពិសោធន៍ក្នុងដំណើរឆ្ពោះទៅមុខនៃការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងអាស៊ាន»

ប្រធានបទមួយចំនួននៃសិទ្ធិមនុស្ស ដែលបានពិភាក្សាក្នុងកិច្ចសន្ទនារួមមាន៖ សេរីភាពខាងសាសនា និងជំនឿ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិពលករចំណាកស្រុក សិទ្ធិស្ត្រីរួមទាំងការចូលរួមរបស់ស្ត្រីនៅក្នុងនយោបាយ និងការព្យាបាលអ្នកទោសស្ត្រីការការពារពលកម្មដោយបង្ខំសិទ្ធិកុមារ ការជួញដូរមនុស្ស (TIPs) សិទ្ធិជនមានពិការភាព គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ធុរកិច្ច និងសិទ្ធិមនុស្ស វិធានការក្នុងការដោះស្រាយកូវីដ១៩ ការលុបបំបាត់ភាពក្រីក្រទោសប្រហារជីវិត ការអប់រំសិទ្ធិមនុស្ស សិទ្ធិទទួលបានយុត្តិធម៌ និងបម្រែបម្រួលអាកាសធាតុ។

គណៈប្រតិភូ ក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នរបស់ប្រទេសជាសមាជិកអាស៊ាន លើអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយុទ្ធសាស្តក្នុងការអនុវត្តអនុសាសន៍នយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។

តំណាងអាយឆា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន តំណាងអោយឆាក៏បានកត់សម្គាល់ចំពោះសំណើក្នុងការបន្តកិច្ចសន្ទនានេះនាពេលអនាគត។

កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២ ត្រូវបានសហការដឹកនាំដោយអាយឆា-ឥណ្ឌណេស៊ី និងអាយឆា-កម្ពុជា ដោយបានរៀបចំឡើងក្នុងទម្រង់ដោយផ្ទាល់ និងអនឡាញ៕