(កណ្តាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងថា ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ។

លោកថ្លែងបែបនេះ​ ពេលតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់(FUTSAL)ដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី» ដើម្បីអបអរសាទរសាទរទិវាជ័យជម្នៈ៧មករា ១៩៧៩ - ២០២៣ ប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ណុប រ័ត្ននិមល បានថ្លែងថា សូមអរគុណចំពោះសន្តិភាព ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបមានឱកាសបង្កលក្ខណៈល្អឱ្យយុវជនបានមកជួបជុំលេងកីឡាបានដូចថ្ងៃនេះ។ សន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន បើគ្មានអកស៉ីសែន មិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ លោក បន្តថា ការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យទាំងអស់នេះ គឺបានកើតចេញពីសន្តិភាព ហើយប្រជាជនពិតជាមានសំណាងយ៉ាងក្រៃលែង ដែលមានមេដឹកនាំប្រកបដោយគុណធម៌ ជាពិសេសបានដឹកនាំនាវាកម្ពុជារួចផុតពីភ្លើងសង្គ្រាម ដោយនាំមកនូវសុខសន្តិភាពពេញលេញ ដូច្នេះយុវជនត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះប្រទេសជាតិមានសុខសន្តិភាព គឺបានផ្តល់នូវការងារជូនប្រជាពលរដ្ឋគ្រប់ផ្នែក គ្រប់វិស័យ និងមានការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ។

លោកបន្តថា ជាក់ស្តែងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបនិងសម្ពោធថ្មីៗនេះ គឺជាសលមិទ្ធផលដ៏ធំធេងមួយរបស់កម្ពុជា នៅក្នុងវិស័យកីឡា ខណៈដែលកម្ពុជាបានត្រឹមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ដែលតាមរយៈនេះ គឺឲ្យយុវជនម្នាក់លេងកីឡាមួយមុខ ឬមួយប្រភេទ ជាក់ស្តែងកម្មវិធីបើកការប្រកួតបាល់ទាត់ដណ្តើមពាន់រង្វាន់នាពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមលើកម្ពស់វិស័យកីឡា និងក៏ដូចជាការបង្កើនលើកកម្ពស់ដល់យុវជនជំនាញ និងសមត្ថភាព ដើម្បីឈានទៅដណ្តើម និងប្រកួតប្រជែងជាមួយកីឡាកររបស់អាស៊ាន ដើម្បីយកពានជូនជាតិមាតុភូមិ។

លោក ណុប រ័ត្ននិមល បានលើកឡើងថា កន្លងមកថ្មីៗនេះកម្ពុជាទទួលបាននូវមោទកភាពជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋនិងថ្នាក់ដឹកនាំកំពូលៗពិភពលោកទទួលបានលទ្ធផលជោគជ័យជូនជាតិ និងប្រជាជន។ លោកបានផ្ដាំផ្ញើយុវជន ក្រៅពីការសិក្សានាំគ្នាលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាពល្អ មានការសាមគ្គីភាព ជាកាទូតគោរចពិភពលោក ជាពិសេសយុវជនជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោក ឆែម រតនៈវិសាល ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់(FUTSAL) ដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី» មាន២២ក្រុម បានបែងចែកជា ៤ពូល កីឡាករមកពី១៨ឃុំ និង៣វិទ្យាល័យ នៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល ការប្រកួតនៅរៀងរាល់ថ្ងៃអាទិត្យ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសបើកនៃការប្រកួត លោក ណុប រ័ត្ននិមល បានឧបត្ថម្ភថវិការជូនដល់ក្រុមកីឡាករទាំង២២ក្រុម សិស្សវិទ្យាល័យ គណៈកម្មការ គណៈអភិបាលស្រុក ព្រមទាំងក្រុមការងារយវជនបក្សចុះជួយស្រុកកណ្ដាលស្ទឹងសរុបថវិកា ជាង១០លានរៀល៕