(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់បទសម្ភាស ស្តីពីសមិទ្ធផលសំខាន់ៗក្រោយពី លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចជាផ្លូវការដោយផ្ទាល់នៅកម្ពុជា។ ខាងក្រោមនេះជា បទសម្ភាសជាមួយ លោក Wang Wentian ដែលមានខ្លឹមសារដូចតទៅ៖

សំណួរទី១៖ បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ត្រូវបានរៀបចំរួចជាស្ថាពរ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបានបំពេញដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ។ តើលោកឯកអគ្គរដ្ឋទូតចិន អាចជួយបង្ហាញពីអត្ថន័យសំខាន់នៃដំណើរទស្សនកិច្ចនេះបានទេ?

ឯកអគ្គរដ្ឋទូតចិន៖ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់នាបច្ចុប្បន្ននេះកំពុងតែជួបបញ្ហាដ៏ស្មុគស្មាញជាខ្លាំង កត្តាមិនច្បាស់លាស់ និងអស្ថិរភាពផ្សេងៗកំពុងតែកើនឡើង ផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅតែកើតមានដដែល សន្ទុះនៃការស្ដារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ គំនិតសង្គ្រាមត្រជាក់កំពុងកើតឡើងជាថ្មីម្ដងទៀត អភិបាលកិច្ចពហុភាគីត្រូវបានបាត់បង់សណ្ដាប់ធ្នាប់ ការអភិវឌ្ឍន៍សកលកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ ថ្មីៗនេះសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ត្រូវបានរៀបចំរួចជាស្ថាពរដោយគណបក្សកុម្មុយនីស្តចិន បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើបកម្មគ្រប់ជ្រុងជ្រោយ និងជំរុញការស្ដារប្រជាជាតិចិនដ៏មហិមាគ្រប់ជ្រុងជ្រោយ បានសង្កត់ធ្ងន់ថា ចិននឹងការពារសន្តិភាពពិភពលោក ជំរុញអភិវឌ្ឍគោលបំណងគោលការណ៍ការទូតយ៉ាងមុតមាំ ដើម្បីរួមជាកម្លាំងក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ផ្ដល់ភាពពិតប្រាកដកាន់តែច្រើនសម្រាប់សន្តិភាព និងការអភិវឌ្ឍលើឆាកអន្តរជាតិនិងក្នុងតំបន់។

នាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបានបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ នេះមិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិលើកដំបូង ដែលថ្នាក់ដឹកនាំចិនបានចូលរួមបន្ទាប់ពីបញ្ចប់សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ប៉ុណ្ណោះទេ ក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងមកកាន់ក្រៅប្រទេសរបស់នាយករដ្ឋមន្ត្រីចិន ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុស អំឡុងពេលនៃដំណើរទស្សនកិច្ចខាងលើនាយករដ្ឋមន្រ្តីចិន បានចូលរួមកិច្ចប្រជុំទាំងទ្វេ និងពហុភាគីចំនួនរាប់សិបជំនួប មិនត្រឹមតែបានបង្ហាញយ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ភាគីចិន ក្នុងការការពារសន្តិភាពស្ថិរភាពអន្តរជាតិ និងក្នុងតំបន់ និងការជំរុញរួមគ្នានូវការអភិវឌ្ឍន៍វិបុលភាពប៉ុណ្ណោះទេ ក៏បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានផ្តល់ការគាំទ្រដល់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំទាំងនេះឡើង។

ដំណើរទស្សនកិច្ចនាលើកនេះ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅក្នុងកម្រិតខ្ពស់ ផ្តល់អត្ថប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រជាជនទាំងពីរ ជួយដឹកនាំកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះដំណើរទៅកាន់ទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវបង្ហាញយ៉ាងពេញលេញពីគំនិតផ្តួចផ្តើមគោលនយោបាយរបស់ចិន ក្នុងយុគសម័យថ្មី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា ផ្តល់ជាកម្លាំងចលករថ្មីដល់ការជំរុញវិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

សំណួរទី២៖ នាយករដ្ឋមន្ត្រីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាម្ដងទៀតដែលមានគម្លាតលើកទី១ អស់រយៈពេល ៤ឆ្នាំ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ សូមលោកឯកអគ្គរដ្ឋទូត ជួយបង្ហាញពីចំណុចលេចធ្លោ និងសមិទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន មកកាន់ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិន សម្រាប់ទំនាក់ទំនងចិន និងកម្ពុជា ក៏បង្ហាញពីលក្ខណៈសំខាន់ពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា ការរឹតចំណងមិត្តភាពជាប្រពៃណី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យ និង បញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលជាក្តីបារម្ភរួម និងបានកំណត់ជាកុងសុងស៊ីសយ៉ាងទូលំទូលាយ។ បានប្រកាសរួមគ្នាថា ឆ្នាំ២០២៣ជា «ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា»។

ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួម និងបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ១៨ឯកសារផងដែរ។ ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះ ខ្ញុំចង់បង្ហាញលើ ៣ចំណុចសំខាន់ៗ៖

ទី១៖ ការបន្តពង្រឹងជឿទុកចិត្តគ្នាទៅវិញទៅមកលើនយោបាយ និងការកសាងសហគមន៍វាសនារួម ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងប្រជាជន។ ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរៀបចំសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ប្រកបដោយជោគជ័យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាដ៏មហិមារបស់ចិនដែលទទួលបានបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ គាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ។

ភាគីចិនបានអបអរសាទរយ៉ាងកក់ក្តៅចំពោះការអភិវឌ្ឍក្នុងប្រទេសកម្ពុជាដែលទទួលបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ បានបញ្ជាក់ជាថ្មីម្ដងទៀតចំពោះការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា គាំទ្រប្រជាជនកម្ពុជាដើរលើមាគ៌ានៃការអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ខិតខំប្រឹងប្រែងជួយកម្ពុជាក្នុងការការពារស្ថិរភាព សម្រេចបាននូវការអភិវឌ្ឍន៍ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នឹងពន្លឿនការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាឱ្យកាន់តែជិតស្និតក្នុងសម័យកាលប្រវត្តិសាស្ត្រថ្មី ពិភាក្សា និងចុះហត្ថលេខាលើផែនការសកម្មភាពថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជា និងរួមគ្នាបញ្ជូនសារវិជ្ជមានថាចិន និងកម្ពុជាបន្តមរតកបឋមចិត្ត និងចំណងមិត្តភាពដោយមិនងាករេ។

ទី២៖ បន្តលើកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ឱ្យកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពដើរតួនាទីឱ្យបានល្អ សម្រាប់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន និងកម្ពុជា ពង្រឹងការចង្អុលបង្ហាញម៉ាក្រូ និងការសម្របសម្រួលរៀបចំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ដាវិស័យ។ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងការអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជំរុញបង្ក្រាបសកម្មភាពជួញដូរមនុស្ស ល្បែងស៊ីសងអនឡាញ សកម្មភាពឆបោកតាមទូរគមនាគមន៍ និងបទឧក្រិដ្ឋកម្មដែលពាក់ព័ន្ធ។

ពន្លឿនការកសាងរួមគ្នានូវ «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគុណភាពខ្ពស់ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលិតកម្ម និងវិនិយោគ ពន្លឿនគម្រោងធំៗដូចជា៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គម្រោងខ្សែកាបអុបទិកបាតសមុទ្រខេត្តព្រះសីហនុនិងហុងកុងជាដើម កែលម្អការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាមានដូចជាផ្លូវថ្នល់ ស្ពាន ភស្តុភារ ឃ្លាំងទំនិញជាដើម ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលស្អាត ដើម្បីជួយកម្ពុជាពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនូបនីយកម្ម សម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើរតួនាទីយ៉ាងពេញលេញសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ពន្លឿនជំរុញកិច្ចសហប្រតិបត្តិ-ការកសិកម្មទ្រង់ទ្រាយធំ ជំរុញទំនិញកម្ពុជាដែលមានគុណភាពខ្ពស់ ជាពិសេសកសិផលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងរដ្ឋាភិបាលក្នុងតំបន់ គាំទ្រកម្ពុជាក្នុងបង្កើតកម្មវិធីបង្រៀនភាសាចិន បន្តការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក និងបង្កើនជើងហោះហើរនៃប្រទេសទាំងពីរ។

ចិនគាំទ្រការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា នឹងពន្លឿនគម្រោងដែលផ្តល់ផលជូនដល់ប្រជាជនមានដូចជា ជំរុញគម្រោងផ្លូវជនបទដំណាក់កាលទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី៣ គម្រោងមន្ទីរពេទ្យកណ្តាល ក្នុងខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាទឹកកខ្វក់ជាដើម។

ទី៣៖ ការសម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ រួមគ្នាការពារយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិគ្រប់រូបមានដូចជាសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោកដែលស្នើឡើងដោយភាគីចិន។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ថាត្រូវតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ជំរុញលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មសម្រាប់ទំនាក់ទំនងអន្តរជាតិ ជំរុញអភិបាលកិច្ចជាសកលឱ្យមានការអភិវឌ្ឍតាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។

ប្រកាន់ខ្ជាប់នូវការការពារក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការពារយុត្តិធម៌និងសច្ចធម៌អន្តរជាតិ ប្រឆាំងទង្វើអនុត្តរភាព និងនយោបាយប្រើអំណាចសង្កត់ ប្រឆាំងនឹងគំនិតសង្រ្គាមត្រជាក់ ប្រឆាំងនឹងលទ្ធិឯកតោភាគីនិយម និងក្រុមរង្វង់តូចដែលមានលក្ខណៈរើសអើង ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងប្រឆាំងនឹងស្តង់ដារទ្វេ។ ភាគីទាំងពីរផ្តួចផ្តើមបង្កើតការផ្លាស់ប្តូរយោបល់ និងកិច្ចសហប្រតិបត្តិការនៃបណ្ដាប្រទេស លើបញ្ហាសិទ្ធិមនុស្សដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពគ្នាទៅវិញទៅមក ប្រឆាំងនឹងការយកសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយ។ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងសហការគ្នាក្រោមក្របខណ្ឌពហុភាគីមានដូចជា៖ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងកិច្ចសហប្រតិបត្តិការចិន-អាស៊ានជាដើម។

សំណួរទី៣៖ កិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្នាំ២០២២នេះ ត្រូវបានរៀបចំដោយផ្ទាល់លើកដំបូងដែលគម្លាតគ្នាអស់រយៈពេល២ឆ្នាំ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ។ តើលោកអាចបង្ហាញអំពីសមិទ្ធផលសំខាន់ៗដែលភាគីចិន បានចូលរួមនាលើកនេះបានទេ? តើបានសម្រេចគោលដៅដែលភាគីចិនរំពឹងទុកហើយឬ នៅ?

ឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន (១០+១) លើកទី២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ចិនជប៉ុន និងកូរ៉េខាងត្បូង (១០+៣) លើកទី២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ បានចង្អុលបង្ហាញថាតំបន់អាស៊ីបូព៌ា គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក បណ្ដាប្រទេសគួរតែរួមគ្នាការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល អនុវត្តពហុភាគីនិយម ជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក រួមគ្នាការពារសន្តិភាព និងសុខដុមរមនាពិភពលោក ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការពារសុវត្ថិភាព និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យឱ្យកាន់តែស៊ីជម្រៅ តបទល់បញ្ហាប្រឈមជាសកល និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពដោយតាមរយៈសាមគ្គីភាព និងការសម្របសម្រួល។

លោកនាយករដ្ឋមន្ត្រីចិន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១ បានសំណូមពរជំរុញការកសាងរួមគ្នានូវ «ខ្សែក្រវាត់ និងផ្លូវ» ដែលប្រកបដោយគុណភាពខ្ពស់ បង្កើតប្រាក់កម្ចីពិសេសសម្រាប់ការអភិវឌ្ឍរួមចិន-អាស៊ាន ជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យមានលក្ខណៈសេរីភាវូបនីយកម្ម និងមានភាពងាយស្រួល ជំរុញឧស្សាហូបនីយកម្មបែបថ្មី ពន្លឿនការផ្លាស់ប្តូរលក្ខណៈឌីជីថល ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលមានលក្ខណៈកាបូនទាបពន្លឿនទំនើបភាវូបនីយកម្មសម្រាប់កសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីលើវិស័យសុខាភិបាល ធនធានមនុស្ស យុវជន ទេសចរណ៍ ហិរញ្ញវត្ថុជាដើម។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+៣ បានលើកឡើងថា ការពារដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ឱ្យចូលជាធរមាននិងអនុវត្ត ជំរុញការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់ប្រកបដោយលំនឹងថេរ និងរលូន គាំទ្រមជ្ឈមណ្ឌលបម្រុងផ្គត់ផ្គង់ថ្នាំសង្គ្រោះបន្ទាន់នៃ១០+៣ គាំទ្រការកសាងយន្តការបម្រុងសង្គ្រោះបន្ទាន់អង្ករនៃ១០+៣ និងគាំទ្រការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបនឹងហានីភ័យ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការមើលថែ «ទម្រង់អាស៊ាន» ដែលសាកសមជាមួយបណ្ដាភាគី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមគ្នាដោះស្រាយហានិភ័យ ប្រកាន់ខ្ជាប់នូវមជ្ឈភាពរបស់អាស៊ាន កសាងក្របខណ្ឌក្នុងតំបន់ដែលប្រកបដោយលក្ខណៈបរិយាប័ន្ន។ យោបល់ក្នុងន័យស្ថាបនា និងវិធានការជាក់ស្តែងរបស់ចិនទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីបណ្តាប្រទេសដែលចូលរួម យល់ថាភាគីចិនជួយអាស៊ានដោយស្មោះដើម្បីទទួលបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ដែលឆ្លុះបញ្ចាំងពីសន្ដានចិត្ត និងលំនាំដែលប្រទេសធំគួរមាន។

សំណួរទី៤៖ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូង គឺជាចំណុចសំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១ ឆ្នាំ២០២២នេះ ចិននិងបណ្តាប្រទេសអាស៊ានបានរួមគ្នាចេញ «សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» បច្ចុប្បន្ននេះការចរចាស្តីពីការបង្កើត «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ក៏កំពុងតែត្រូវមានវឌ្ឍនភាពយ៉ាងសកម្ម។ តើ លោកមានមតិយ៉ាងណាដែរចំពោះរឿងនេះ?

ឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា ការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង ការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង គឺសមស្របជាមួយអត្ថប្រយោជន៍រួមនៃបណ្ដាភាគី ហើយសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហាទេ។ បានចង្អុលបង្ហាញថាចិនផ្តួចផ្តើមការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងការពារច្រកនាវាមានភាពរលូន សហការជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីពន្លឿនជំរុញការចរចាស្តីពីការបង្កើត «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ដោយស្របតាមស្មារតីនៃ «សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ដែលបានចុះហត្ថលេខា និងគោលការណ៍ច្បាប់អន្តរជាតិរួមទាំង «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ» និងស្របតាមគោលការណ៍រួមនៃការពិគ្រោះយោបល់។

អំពាវនាវបណ្ដាភាគីគោរពកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ ដើម្បីការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង គាំទ្រប្រទេសក្នុងតំបន់ក្នុងការកសាងសមុទ្រចិនខាងត្បូង ឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ កាលពី២០ឆ្នាំមុន ចិននិងបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» នៅរាជធានីភ្នំពេញ។ ២០ឆ្នាំក្រោយ ចិន និងបណ្តាប្រទេសអាស៊ាន បានរួមគ្នាចេញ «សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» នៅរាជធានីភ្នំពេញ ដែលមានសារៈសំខាន់ពិសេស។

«សេចក្តីថ្លែងការណ៍» គឺជាឯកសារកុងសុងស៊ីសដ៏សំខាន់មួយទៀតដែលចេញដោយចិន និងបណ្តាប្រទេសអាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ជាសមិទ្ធផលដ៏សំខាន់មួយក្នុងការរម្លឹកខួបអនុស្សាវរីយ៍លើកទី២០ ដែលបានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍» នៅក្នុងឆ្នាំ២០២២នេះ ផងដែរ បានបង្ហាញថាចិន និងបណ្តាប្រទេសអាស៊ានរួមកម្លាំងគ្នាជាជំនឿចិត្ត និងការប្តេជ្ញាចិត្តក្នុងការការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង បានបង្ហាញជាថ្មីម្តងទៀតអំពីចិន និងបណ្តាប្រទេសអាស៊ានមានសមត្ថភាពពេញលេញ មានជំនឿចិត្ត និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។

ភាគីចិនសូមថ្លែងអំណរគុណដោយស្មោះចំពោះកម្ពុជា ដែលតែងប្រកាន់គោលជំហរត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងសច្ចធម៌លើបញ្ហាសមុទ្រចិនខាងត្បូង នេះមិនត្រឹមតែបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដ៏សំខាន់មួយទៀតក្នុងការការពារសុខុមាលភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងចិន-អាស៊ាន។

សំណួរទី៥៖ ឆ្នាំក្រោយឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា តើលោកមានការរំពឹងទុកយ៉ាងណាដែរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកម្ពុជា នាពេលអនាគត?

ឯអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ គឺជាមិត្តដែកថែបដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយគ្នា។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិន និងកម្ពុជាបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស និងជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។

ឆ្នាំ២០២៣ គឺជាឆ្នាំចាប់ផ្តើមសម្រាប់ចិន ក្នុងការអនុវត្តយ៉ាងពេញលេញនូវស្មារតីនៃសមាជគណបក្សកុម្មុយនីស្តចិន លើកទី២០ ក៏ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា ទំនាក់ទំនងរវាងចិន និងកម្ពុជានឹងស្វាគមន៍ឱកាសអភិវឌ្ឍន៍ប្រវត្តិសាស្ត្រថ្មីមួយ។

ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដោយចាប់យកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយឆ្នាំ២០២៣​និង «ឆ្នាំមិត្តភាពចិន-កម្ពុជា» ជាឱកាសដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជំនឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលប្រយោជន៍រួមលើបណ្ដាវិស័យ ឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលកិច្ចការអន្តរជាតិ និងក្នុងតំបន់ឱ្យស្អិតរមួត ធានាបានថាទំនាក់ទំនងទ្វេភាគីមានដំណើរក្នុងកម្រិតខ្ពស់ជានិច្ច បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកថ្មីនិងកាន់តែធំធេងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើសកលលោក រួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕