(ព្រៃវែង)៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងសាខាខេត្តព្រៃវែង បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវជន» ដល់និស្សិតនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ខេត្តព្រៃវែង ប្រមាណ ២៤៥អង្គ/នាក់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា, និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ។

លោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ, ឧកញ៉ា សុខ ផេង បានជម្រាបជូនអង្គពិធីពីស្ថានភាពជំងឺអេដស៍នៅខេត្តព្រៃវែង ដែលមានការថយចុះ និងស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។ ដោយឡែកចំពោះកុមារផ្ទុកមេរោគអេដស៍នៅខេត្តព្រៃវែង គឺបន្ទាប់ពីអង្គការដៃគូបាន បញ្ចប់សកម្មភាព ការងារគាំទ្រជីវភាពរបស់កុមារមានផ្ទុកមេរោគអេដស៍ទាំងនោះ គឺជាបន្ទុករបស់សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង ដែលទទួលផ្គត់ផ្គង់ជីវភាពរហូតដល់អាយុ១៨ឆ្នាំ។

ក្នុងឱកាសនោះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញអំពី «និន្នាការថ្មី នៃការឆ្លងមេរោគអេដស៍» ជូនដល់អង្គពិធី, ក្នុងនោះមាននិស្សិត និងយុវជនចំនួន ៨នាក់ បានឡើងមានមតិបង្ហាញពីការយល់ដឹងអំពីមេរោគអេដស៍ ជំងឺអេដស៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាយុវជន ដើម្បីចូលរួមក្នុងចរន្តជាតិតែមួយក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផងដែរ។

ថ្លែងក្នុងឱកាសសំណេះសំណាល និងបូកសរុបកម្មវិធី លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលបាននិងកំពុងចូលរួមចំណែកក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវជន និងប្រជាជនទូទៅ ជាពិសេសបានជួយសម្រាលការលំបាកខាងផ្នែកជីវភាពដល់គ្រួសារ ដែលទទួលរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍។

លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗនិស្សិត ដែលមានភាពក្លាហាន បានឡើងឆ្លើយទៅនឹងសំណួររបស់អ្នកបច្ចេកទេសបានយ៉ាងល្អ ដែលនេះគឺជាពុទ្ធិបន្ថែម ហើយអាចចាត់ទុកបានថា ក្មួយៗមានចំណេះដឹងខ្ពស់អំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ហើយអាចធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងអ្នកដទៃទៀតបាន។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ក្មួយៗបានឆ្លុះបញ្ចាំងអំពីស្មារតីពហុវិស័យ ក្នុងការផ្សព្វផ្សាយបន្ត ក្លាយជាយុវជនល្អ ពលរដ្ឋល្អ បញ្ញាវ័ន្តល្អ ជាធនធានមនុស្ស ដ៏មានសារសំខាន់នាពេលអនាគត សម្រាប់កសាងសង្គមជាតិស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយនេះក៏បានសម្រេចជ្រើសរើសនិស្សិតឆ្នើមចំនួន៣រូប និងជំនួយការចំនួន ៣រូប ទៅចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាទស្សនៈយុវជនស្ដីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥» ដែលនឹងប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យស្វាយរៀង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ចំពោះការរៀបចំវេទិកាទស្សនៈយុវជននេះដែរ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានវេទិកាទស្សនៈយុវជននេះ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ គឺចាប់តាំងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦៕