(សៀមរាប)៖ អ្នកជំនាញរបស់អង្គការអាគ្រីស៊ុត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រេងស្លឹកគ្រៃ (Pure lemongrass oil) និងតែស្លឹកគ្រៃ (Lemongrass Tea) ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅផ្សារចុងសប្តាហ៍ ខេត្តសៀមរាប ដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពីការរថែទាំសុខភាពជាដើម។

ការបង្ហាញពីអត្ថប្រយោជន៍នេះដែរក៏មានការម៉ាស្សាដោយប្រើប្រេងស្លឹកគ្រៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិដោយឥតគិតថ្លៃ ដែលពួកគាត់ទៅទិញបន្លែត្រីសាច់នៅផ្សារចុងសប្តាហ៍ ខេត្តសៀមរាប។

នាឱកាសនោះ កញ្ញា តាន់ ឌីណារី បុគ្គលិករបស់អង្គការអាគ្រីស៊ុត ទទួល​ផ្នែកសម្របសម្រួលអាជីវកម្មរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានឱ្យដឹងថា ប្រេងស្លឹកគ្រៃគឺផលិតដោយក្រុមកសិករនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះអត្ថប្រយោជន៍ប្រើប្រាស់ប្រេងស្លឹកគ្រៃ ដោយប្រើលាយជាមួយប្រេងផ្សេងទៀត ដើម្បីម៉ាស្សា ដុតបណ្ដេញសត្វល្អិតដូចជាមូសជាដើម និងបំបាត់ក្លិនអាប់អួរនៅក្នុងបន្ទប់ កាត់បន្ថយកូលេស្តេរ៉ូល កាត់បន្ថយការឈឺចាប់សាច់ដុំ​ និងសន្លាក់ កាត់បន្ថយអាការឈឺក្បាល ជួយបំបាត់ផ្សិតលើស្បែក ជួយសម្រួលភាពតានតឹងក្នុងអារម្មណ៍ ជួយសម្រាលអាការគ្រុនផ្ដាសាយ និងឈឺពោះ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលនិយមកោះខ្យល់អាចយកប្រេងស្លឹកគ្រៃនេះបានផងដែរ។

ទន្ទឹមនឹងនេះដែរ កញ្ញា តាន់ ឌីណារី បានបន្តថា ចំណែកតែស្លឹកគ្រៃគឺផលិតចេញពីស្លឹកគ្រៃសុទ្ធដែលដាំដុះដោយកសិករនៅក្នុងស្រុកបន្ទាយស្រី។ ការផលិតតែស្លឹកគ្រៃគឺយកស្លឹកគ្រៃមកជំនួសអោយស្លឹកតែ ហើយ‌អនុវត្តន៍គោលកាណ៍ផលិត‌តែ ដើម្បីរក្សាប្រសិទ្ធភាពក្លិន និងរសជាតិរបស់តែ ដែលផលិតដោយក្រុមកសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តែស្លឹកគ្រៃវាជួយច្រើនដែលទាក់ទងទៅនឹងបញ្ហាតម្រងនោម​ ប្រសិនបើប្រជាពលរដ្ឋដែលមិនសូវបត់ជើងតូចអាចផឹកតែស្លឹកគ្រៃ វាអាចជួយកាត់បន្ថយបានច្រើន ហើយក៏ជួយកាត់បន្ថយជាតិស្ករនៅក្នុងសរសៃឈាមបានមួយចំនួនតូចដែរ។

ម្យ៉ាងទៀត តែស្លឹកគ្រៃក៏អាចជួយដល់អ្នកដែលមានបញ្ហាគេងមិនសូវលក់ អាចផឹកតែស្លឹកគ្រៃនៅពេលព្រឹក វាជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយក៏ហាមផឹកមុនពេលចូលគេងវាធ្វើឱ្យយើងបត់ជើងតូចញឹកញាប់រំខានដល់ការគេងផងដែរ។ តែស្លឹកគ្រៃ ប្រសិនបើលាយជាមួយទឹកឃ្មុំវាជួយឱ្យទប់កម្រិតស្ករនៅក្នុងសរសៃឈាមមិនឱ្យឡើងចុះ។

ជាមួយនេះដែរ កញ្ញា តាន់ ឌីណារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតដែលផលិតដោយប្រជាកសិករខ្មែរ ដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ និងជួយស្ទួយជីវភាពប្រជាកសិករផងដែរ៕