(ព្រៃវែង)៖ លោក អ៉ីវ លាង សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណ និមិនទាន់ចុះឈ្មោះ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតតាមកាលបរិច្ឆេទកំណត់ ដើម្បីបានឱកាសចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះ របស់លោក អ៉ីវ លាង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះស្តាប់ និងប្រមូលយកនូវមតិយោបល់ ទទួលដោះស្រាយបញ្ហាប្រឈមសំណូមពរទាំងឡាយពីប្រជាពលរដ្ឋ នៅក្នុងភូមិអង្ក្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

ក្នុងពេលនោះដែរ លោកក៏បានជំរុញដល់អាជ្ញាធរនៅក្នុងឃុំគ្រប់លំដាប់ថ្នាក់ត្រួតពិនិត្យមើលពីបញ្ហាប្រឈមនានា និងយកមកដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក អ៉ី លាង បានបន្ថែមទៀតថា ចំណែកឯប្រជាពលរដ្ឋវិញកាន់តែដើរតួនាទីសំខាន់ទៀត ដោយសារជាអ្នកជួប និងនៅផ្ទាល់ជាមួយបញ្ហាប្រឈមទាំងអស់នោះ ហេតុនេះលោកបានស្នើសុំប្រជាពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន លើសពីនេះទៅទៀត គឺហេតុការបាតុភាពទាំងឡាយដែលកើតមាននៅក្នុងមូលដ្ឋានរស់នៅ។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរ ស្នើសុំប្រធានក្រុមការងារ និងអាជ្ញាធរឃុំ ពិនិត្យជួយធ្វើប្រឡាយទឹកមួយខ្សែ និងមានផ្លូវអមទាំងសងខាង ដោយប្រជាពលរដ្ឋថាដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។

ពាក់ព័ន្ធសំណើសុំនេះ លោកមេឃុំបានបញ្ជាក់ថា ប្រឡាយទឹកនឹង គឺស្ថិតក្នុងគម្រោងផែនការអភិវឌ្ឍរបស់ឃុំ តាមគម្រោងមានផ្លូវតែមួយខ្សែទេដែលអមជាមួយនោះ។ ប៉ុន្តែចំពោះសំណើសុំផ្លូវអមសងខាងនេះ រដ្ឋបាលឃុំបានទទួលយក និងចុះសិក្សានឹងផ្តល់ជូនតាមភាពជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ លោកបានជម្រាបជូនប្រជាពលរដ្ឋបានដឹងបន្ថែមទៀតពីលទ្ធផលជោគជ័យដ៏ត្រចេះត្រចង់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកន្លងមក ដែលកម្ពុជាស្មើមុខស្មើមាត់គ្នាជាមួយនឹងប្រទេសមហាអំណាចធំៗលើសកលលោកជាច្រើនបានអញ្ជើញមកចូលរួម នោះក៏ព្រោះកម្ពុជាស្ថិតដំបូលក្រោមម្លប់សុខសន្តិភាព និងមានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានសម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះឆ្លុះបញ្ចាំងឱ្យឃើញថាសន្តិភាពពិតជារឿងដ៏សំខាន់បំផុត ដែលថាមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មិនដែលមានការអភិវឌ្ឍន៍ណាក្នុងពេលប្រទេសក្នុងភ្លើងសង្គ្រាមនោះទេ៕