(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា, លោក លី ស៊ុគ្រី សមាជិករដ្ឋសភា និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីអប់រំសុខភាពមូលដ្ឋាន និងខតាន់ក្មេងប្រុស ចំនួន២០០នាក់ នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ថាន អាស៊ីម៉ា អភិបាលរងក្រុងតាខ្មៅ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល យុវជន CMYA និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក រ៉ហ្វី អូស្មាន បាននាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់បងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកផងដែរ។

លោកបានបន្តថា យើងទាំងអស់គ្នាទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ ប្រកបដោយសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ដោយសារការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តទៀតថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើវិស័យ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

ជាពិសេសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជាទីបំផុត ដើម្បីធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីជំងឺកូវីដ១៩ ដែលរីករាលដាលទូទាំងសាកលលោក ដោយសម្ដេចបាន ស្វះស្វែងរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ កត្តាទាំងនេះហើយ ទើបធ្វើឲ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីត១៩។

លោកក៏បានលើកពីភាពជោគជ័យរបស់កម្ពុជាដ៏ត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងទៅថ្មីៗនេះ ដែលទទួលបានការកោតសរសើរពីអន្តរជាតិ។ ជាមួយគ្នានោះ លោក រ៉ូហ្វី អូស្មាន សូមគោរពជូនពរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមឲ្យមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងតម្រង់ទិសកម្ពុជាឲ្យកាន់តែមានភាពជឿនលឿន។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវម្លប់សន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីផ្ដល់នូវការអប់រំសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ៕