(ស្វាយរៀង)៖ លោកស្រី ភឿង សកុណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងស្រុកស្វាយទាប ខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវពិនិត្យបញ្ជីឈ្មោះបោះឆ្នោតខ្លួនឯងឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ។

ក្នុងឱកាសជួបសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋជាង៥០០នាក់ នៅក្នុងឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ភឿង សកុណា បានលើកឡើងថា សមាជិកបក្សប្រជាជនកម្ពុជា ត្រូវធានាថា សមាជិកម្នាក់ត្រូវមានសម្លេងឆ្នោតមួយសន្លឹក តាមគោលជំហររបស់គណបក្ស គឺពង្រឹងចាស់ ពង្រីកថ្មីដើម្បីឈានយកជោគជ័យគ្រប់ការបោះឆ្នោត។

លោកស្រី ភឿង សកុណា ថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋនៅក្នុងឃុំគគីសោម ដែលជានិច្ចការសម្ដេចតែងតែនឹករលឹកដល់ប្រជាពលរដ្ឋ ហើយទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោកស្រីបានបង្ហាញអំពីភាពជោគជ័យ ក្នុងកិច្ចប្រជុំអាកំពូលអាស៊ានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតជាបានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅក្នុងតំបន់និងលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ ពិតជាបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

លោកស្រី ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវនាំកូនៗ ទៅចូលរៀននៅសាលាមតេយ្យសិក្សាឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងធនធានមនុស្សឲ្យកាន់តែល្អប្រសើរ ពីទីក្រុងរហូតដល់ជនបទ។ មានតែចំណេះវិជ្ជាទេដែលធ្វើឲ្យខ្លួនយើងជាស្ពាន ចម្លងឲ្យមានអនាគតល្អប្រសើរ។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា ក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឲ្យបានល្អ បើឈឺត្រូវតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ព្រោះកត្តាសុខភាព គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដែលប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាល គឺជាវិស័យអទិភាពមួយក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

បន្ថែមលើសពីនេះ លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណដល់ម្ចាស់អំណោយដែលបានផ្ដល់ចង្ក្រានព្រៃមាន់សន្សំសំចៃថាមពល ដែលមានទីតាំងផលិតនៅខេត្តកំពង់ឆ្នាំង ចូលរួមចំណែកជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការប្រើប្រាស់ចង្ក្រានដែលសន្សំចៃថាមពលនេះផងដែរ។

សូមបញ្ជាក់ថា លោកស្រី ភឿង សកុណា និងក្រុមការងារបានចុះពិនិត្យមណ្ឌលសុខភាពឃុំគគីសោម ដែលកំពុងសាងសង់ និងបានប្រគល់ម៉ាស៊ីនព្រីនធ័រ១គ្រឿង ដល់រដ្ឋបាលឃុំគគីសោម យកទៅប្រើប្រាស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងចុះពិនិត្យមើលសាលាមតេយ្យឃុំស្វាយរំពារស្រុកស្វាយទាប កំពុងសាងសង់ផងដែរ៕