(កណ្ដាល)៖ លោក លឹម គានហោ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាល បានប្រាប់ក្រុមការងារទាំងអស់ ត្រូវបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សាភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់កាត់បន្ថយភាពអសកម្មដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាស្នាក់ការគណបក្សស្រុកពញាឮ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លឹម គានហោ បានណែនាំឲ្យត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរក្សាកម្លាំងចាស់ និងពង្រីកកម្លាំងថ្មី ឈាមថ្មី ដែលគ្រប់អាយុបោះឆ្នោតដើម្បីធានាបានមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សប្រជាជន។

បន្ទាប់ពីប្រធានគណបក្សស្រុកពញាឮ បានឡើងអានសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ លោក លឹម គានហោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក បានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌ឆ្លុះបញ្ចាំង និងបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋ ចំពោះសច្ចភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា លើមូលដ្ឋានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត។

លោកបានបន្ដទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលាការរីករាលដាលនៃជំងឺកូវីត១៩ និងពេលថ្មីៗ នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕